ព័ត៌មានអន្តរជាតិ

តៃវ៉ាន់បញ្ជាទិញវ៉ាក់សាំង ៣៦លានដូសទៀត ពីក្រុមហ៊ុន Moderna

BY
Khmerpress
July 22, 2021
តៃវ៉ាន់បញ្ជាទិញវ៉ាក់សាំង ៣៦លានដូសទៀត ពីក្រុមហ៊ុន Moderna

(តៃប៉ិ)៖ រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា កោះតៃវ៉ាន់បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក ម៉ូឌែណា (Moderna) ចំនួន ៣៦លានដូសបន្ថែមទៀត ខណៈកោះនេះ កំពុងព្យាយាមបង្កើនចំនួនវ៉ាក់សាំងនៅក្នុងស្តុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។

រហូតមកទល់ពេលនេះ កោះតៃវ៉ាន់ ទទួលបានវ៉ាក់សាំងប្រហែល ០៩លានដូសប៉ុណ្ណោះ ក្នុងនោះរួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Moderna និងវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca និងរួមទាំងវ៉ាក់សាំងជិត ០៦លានដូសទៀត ដែលបានបរិច្ចាគដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិកផងដែរ ហើយវាបានអនុញ្ញាឱ្យដែនកោះនេះ បង្កើនល្បឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។

អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីកោះតៃវ៉ាន់ លោក ឡូ ពីងចេង (Lo Ping-cheng) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការបញ្ជាទិញថ្មីនូវវ៉ាក់សាំង Moderna ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃពុធម្សិលមិញនេះ។ លោក Lo Ping-cheng បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ចំនួននេះ គឺច្រើនជាង ៣០លានដូសដែលយើងបានរំពឹងទុកកន្លងមក។ យើងត្រូវតែខិតខំ ធ្វើយ៉ាងណាឲ្យវ៉ាក់សាំងទាំងនោះ មកដល់ដោយរលូន ស្របតាមពេលវេលាដែលបានគ្រោងទុក»។

គួរបញ្ជាក់ថា ពាក់ព័ន្ធដំណឹងខាងលើ ក្រុមហ៊ុន Moderna មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: