ចិន៖ ទិដ្ឋភាពក្រោយទឹកជំនន់នៅខេត្តហឺណាន ធ្វើឲ្យគ្រប់គ្នាតក់ស្លុក, មនុស្សបាត់បង់ជីវិតកើនដល់ ៣៣នាក់

(ចឹងចូវ)៖ គំនររថយន្តនៅតាមដងផ្លូវ ក្នុងទីក្រុងចឹងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន ដែលទើបរងគ្រោះទឹកជំនន់យ៉ាងខ្លាំងក្លានោះ គឺជាទិដ្ឋភាពមួយកំពុងបង្កឲ្យប្រជាជនតក់ស្លុក ខណៈមនុស្សស្លាប់បានកើនឡើងដល់ ៣៣នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។

អាជ្ញាធរឧតុនិយមចិនបានអះអាងថា ប្រព័ន្ធសម្ពាធទាបដ៏អាក្រក់ បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុក រយៈពេលរហូតដល់ទៅ ៣ម៉ោងជាប់ៗគ្នា ទៅលើខេត្តភាគកណ្តាលចិនខាងលើនេះ ហើយបរិមាណរបស់វា គឺស្មើនឹងទឹកភ្លៀងដែលធ្លាក់មកតំបន់នេះ ក្នុងរយៈពេលពេញ ១ឆ្នាំ។ ប្រការនេះហើយទើបបានជាបង្កឲ្យមាន គ្រោះទឹកជំនន់ពាសពេញដងផ្លូវ ផ្លូវក្រោមដី និងប្រព័ន្ធផ្លូវរថភ្លើងក្រោមដី។

បើតាមអាជ្ញាធរចិនក្នុងតំបន់រងគ្រោះ ប្រជាជនរាប់សែននាក់បាននិងកំពុង ទទួលរងផលប៉ះពាល់ ខណៈដីចំការដំណាំបានរងការលិចលង់ និងប្រព័ន្ធដឹកជញ្ជូននានា បានខូចខាតយ៉ាងដំណំ។ ប្រជាជនមួយចំនួន ជាពិសេសនៅក្នុងទីក្រុង Zhengzhou បានបង្ហោះរូបភាព អំពីស្ថានភាពទឹកជំនន់នៅតាមដងផ្លូវ ដោយកម្ពស់ទឹកបានឡើងលិចដល់ត្រឹមកពួកគេឯណោះ និងផ្លូវខ្លះលិចលើសលើសពីត្រឹមកទៅទៀត។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលចិនបានបញ្ជា ឱ្យអាជ្ញាធរថ្នាក់តំបន់នៅទូទាំងប្រទេស ធ្វើការកែលម្អជាបន្ទាន់នូវវិធានការគ្រប់គ្រង និងឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ជាពិសេសនៅតាមស្ថានីយរថភ្លើងក្រោមដី បន្ទាប់ពីមនុស្សជាច្រើននាក់បានស្លាប់ ក្នុងគ្រោះទឹកជំនន់ជន់ លិចស្ថានីយរថភ្លើងក្រោមដីមួយកន្លែង ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅភាគកណ្ដាលនៃប្រទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews