ព័ត៌មានអន្តរជាតិ

ឡាវរកឃើញករណីវិជ្ជមានកូវីដ-១៩ «២៥៦នាក់ក្នុង១ថ្ងៃ» ដែលជាតួលេខខ្ពស់មិនធ្លាប់មាន

BY
Khmerpress
July 22, 2021
ឡាវរកឃើញករណីវិជ្ជមានកូវីដ-១៩ «២៥៦នាក់ក្នុង១ថ្ងៃ» ដែលជាតួលេខខ្ពស់មិនធ្លាប់មាន

(វៀងច័ន្ទ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសឡាវបានរាយការណ៍ពីការរកឃើញ ករណីវិជ្ជមានជំងឺ COVID-19 ថ្មីៗចំនួន ២៥៦ករណីបន្ថែមទៀត ដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានការរកឃើញជំងឺនេះ ជាលើកដំបូងនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

អគ្គនាយករងនៃនាយកដ្ឋានបង្ការ និងគ្រប់គ្រងជំងឺឆ្លង ចំណុះឲ្យក្រសួងសុខាភិបាលឡាវ លោកស្រី ហ្វុនផាសឺដ សាយ៉ាមួងខួន (Phonepaserd Sayamoungkhoun) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងវៀងច័ន្ទ (Vientiane) ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន ២៥៤ករណី គឺជាករណីនាំចូល ក្នុងនោះរួមមាន ១២៨ករណីត្រូវបានរកឃើញនៅក្នុងខេត្ដសុវណ្ណាខេត្ត (Savannakhet), ៨៣ករណីនៅក្នុងខេត្តចម្ប៉ាសាក់ (Champasak), ១៦ករណីនៅក្នុងខេត្តសារ៉ាវ៉ាន់ (Saravan), ១៤ករណីនៅក្នុងខេត្ដខាំមួន (Khammuan) និង ១៣ករណីនៅក្នុងរដ្ឋធានី Vientiane ខណៈ០២ករណីទៀត គឺជាករណីឆ្លងក្នុងសហគមន៍ ត្រូវបានរកឃើញនៅក្នុងខេត្ត ចម្ប៉ាសាក់ (Champasak)។

គួរបញ្ជាក់ថា ប្រទេសឡាវបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ចំនួន ០២ករណីជាលើកដំបូងកាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅនេះ ហើយរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤,១១៩ករណី ក្នុងនោះមានអ្នកស្លាប់ ០៥នាក់ និងអ្នកជាសះស្បើយ ២,៥១១នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: