TOP NEWS: ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀត
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការស្លាប់របស់អ្នកជំងឹកូវីដ១៩ ចំនួន ៤នាក់ទៀត ដោយសារជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនព័ត៌មាន ដែល Fresh News ទទួលបាន ក្រសួងបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង ៤នាក់ ដែលបានទទួលមរណភាពនេះរួមមាន៖
១៖ បុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤៖២០នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមាន កូវីដ-១៩ ជាមួយស្ថានភាពក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។
ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រួមជាមួយស្ថានភាពហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយក ចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៧៖២០នាទីព្រឹក។ តាមការការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសរូបនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។
២៖ បុរសជនជាតិខ្មែរអាយុ ៧២ឆ្នាំ រស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន នៅថ្ងៃទី០៩ ខែមេសាឆ្នាំ២០២១ ដោយមានរោគសញ្ញា ក្អកហត់ រួមទាំងមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងខ្សោយតំរងនោមដំណាក់កាលចុងក្រោយប្រចាំកាយ។ បន្ទាប់ពីបានរកឃើញ មានវិជ្ជមានកូវីដ-១៩ ហើយអ្នកជំងឺមានការវិវត្តិកាន់តែធ្ងន់ធ្ងរ គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
ដោយស្ថានភាពរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវ ឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នក ជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦៖០២នាទី រសៀល។ តាមការសន្និដ្ឋានបុរសរូបនេះ បានស្លាប់បាត់បង់ជីវិតដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងខ្សោយតំរងនោមប្រចាំកាយ។
៣៖ ស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ រស់នៅខេត្តព្រះសីហនុបានចូលសម្រាក ពេទ្យនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩៖៣០នាទី។ បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩ ជាមួយរោគសញ្ញាហត់ដង្ហក់ខ្លាំង មានស្ថានភាពពិបាកដកដង្ហើមដែលតម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមភ្លាមៗ ដើម្បីជួយសង្គ្រោះប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេល់ម៉ោង ១៣៖៤០នាទី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីរូបនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។
៤៖ ស្ត្រីជនជាតិខ្មែរអាយុ ៤០ឆ្នាំ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ រួចត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌលព្យាបាលចាក់អង្រៃ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖១០នាទី។ ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំព្យាបាលតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏មិនអាចជួយសង្គ្រោះអ្នក ជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦៖២៨នាទី។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីរូបនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល ចូលរួមចំណែកសោកស្ដាយជាពន់ពេក និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
សូមបញ្ជាក់ថា គិតដល់ត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ អ្នកជំងឹកូវីដ១៩ ចំនួន ៤៩នាក់ហើយ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩៕ ផ្តល់សិទ្ធិដោយ៖ freshnews