BREAKING: វៀតណាមបន្តធ្ងន់ធ្ងរ! រកឃើញអ្នកឆ្លងកូវីដ១៩រហូតដល់ «៧,៩១១ករណីក្នុងមួយថ្ងៃ» ក្នុងនោះ ៦,៣១៨នាក់នៅទីក្រុងហូជីមិញ
(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៩១១នាក់ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ១,០៦៣នាក់ ជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរកឃើញក្រៅពីតំបន់បិទខ្ទប់ (lockdown) ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះ និងកំពុងស្ថិតក្នុងការបិទខ្ទប់នោះ បានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៦,៣១៨នាក់។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១០,៤៨៧នាក់ ក្នុងនោះជាសះស្បើយ ២២,៩៤៦នាក់ ខណៈចំនួនអ្នកស្លាប់សរុបទូទាំងប្រទេស នៅតែមានចំនួន ៥២៤នាក់ដដែល ដោយមិនទាន់មានការប្រកាសបន្ថែមនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

