ព័ត៌មានអន្តរជាតិ

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «៧,៤៥៥ករណី» និងបាត់បង់ជីវិតចំនួន៣៨៩នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

BY
Khmerpress
August 3, 2021
BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «៧,៤៥៥ករណី» និងបាត់បង់ជីវិតចំនួន៣៨៩នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៤៥៥ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១០ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៤,២៦៤នាក់។

គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា មានអ្នកជំងឺចំនួន ៣៨៩នាក់ទៀតត្រូវបានប្រកាសថា ស្លាប់បាត់បង់ជីវិតនៅថ្ងៃចន្ទនេះ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៦១,៧៦១នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៤៦,៩៦៥នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ១,៦៩៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: