ព័ត៌មានអន្តរជាតិ

BREAKING: ទីក្រុងវូហានរបស់ចិន ត្រៀមធ្វើតេស្តប្រជាជនទាំង១១លាននាក់ ក្រោយរកឃើញករណីឆ្លងកូវីដ១៩ ឡើងវិញ

BY
Khmerpress
August 3, 2021
BREAKING: ទីក្រុងវូហានរបស់ចិន ត្រៀមធ្វើតេស្តប្រជាជនទាំង១១លាននាក់ ក្រោយរកឃើញករណីឆ្លងកូវីដ១៩ ឡើងវិញ

(វូហាន)៖ អាជ្ញាធរនៅទីក្រុងវូហាន នៃខេត្តហ៊ូប៉ី (Hubei) ប្រទេសចិន នៅថ្ងៃអង្គារនេះ បានប្រកាសថា យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំរកជំងឺ COVID-19 នឹងត្រូវធ្វើឡើងសម្រាប់ប្រជាជនទាំងអស់ ដែលកំពុងរស់នៅទីនោះ ក្រោយរកឃើញករណីឆ្លងក្នុងសហគមន៍ សាជាថ្មីឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។

លោក លី តាវ (Li Tao) ដែលជាមន្រ្តីជាន់ខ្ពស់មួយរូបនៃទីក្រុងវូហាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃអង្គារនេះថា «ទីក្រុងដែលមានមនុស្សរស់នៅប្រមាណ ១១លាននាក់នេះ នឹងចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរក COVID-19 គ្រប់ជ្រុងជ្រោយ ហើយក្នុងទ្រង់ទ្រាយធំ ទៅលើប្រជាជនទាំងអស់»។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីករណីឆ្លង COVID-19 ក្នុងស្រុកចំនួន៧ករណី ត្រូវបានរកឃើញនៅទីក្រុងវូហាន។ ទីក្រុងវូហាននេះហើយ គឺជាកន្លែងករណីឆ្លង COVID-19 ត្រូវបានរកឃើញលើកដំបូងបំផុត កាលពីចុងឆ្នាំ២០១៩។

គួរបញ្ជាក់ថា កាលពីពាក់កណ្តាលឆ្នាំមុន ទីក្រុងវូហានក៏ធ្លាប់បានចេញយុទ្ធនាការធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំបែបនេះដែរ ក្រោយរកឃើញករណីឆ្លងឡើងវិញដូចគ្នា។ បច្ចុប្បន្ន ចិនបាននិងកំពុងរកឃើញករណីឆ្លង COVID-19 ជាបន្តបន្ទាប់ ដោយនៅថ្ងៃអង្គារនេះ ចិនបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន៩០នាក់ ដែលភាគច្រើនជាងករណីឆ្លងក្នុងសហគមន៍ ហើយស្ថិតនៅខេត្តជាំងស៊ូ (Jiangsu)៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: