ព័ត៌មានអន្តរជាតិ

ចិនប្រកាសអាសន្នកម្រិតពណ៌ខៀវ សម្រាប់ព្យុះទីហ្វុង Lupit

BY
Khmerpress
August 4, 2021
ចិនប្រកាសអាសន្នកម្រិតពណ៌ខៀវ សម្រាប់ព្យុះទីហ្វុង Lupit

(ប៉េកាំង)៖ មជ្ឈមណ្ឌលជាតិឧតុនិយមរបស់ប្រទេសចិន នៅថ្ងៃពុធនេះ បានចេញសារប្រកាសអាសន្នកម្រិតពណ៌ខៀវ សម្រាប់ព្យុះទីហ្វុង ឈ្មោះថា Lupit ដែលត្រូវបានរំពឹងថា នឹងបង្កឲ្យមានភ្លៀងធ្លាក់ជោគជាំ និងខ្យល់បោកបក់ខ្លាំង នៅតាមតំបន់ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។

អាជ្ញាធរឧតុនិយមចិនបានឲ្យដឹងថា ក្នុងសេចក្តីថ្លែងការណ៍ថា គិតត្រឹមម៉ោង០៩ព្រឹកថ្ងៃពុធនេះ ចំណុចកណ្តាលរបស់ព្យុះទីហ្វុង Lupit ដែលជាព្យុះទីហ្វុងទី៩ ក្នុងឆ្នាំ២០២១នេះ ស្ថិតនៅលើផ្ទៃសមុទ្រចម្ងាយប្រមាណ ៣៣០គីឡូម៉ែត្រ ភាគនិរតីនៃព្រំប្រទល់ខេត្តហ៊្វូជាំង (Fujian) និង ខេត្តក្វាងទុង ជាមួយកម្លាំងខ្យល់បក់១៨ម៉ែត្រ ក្នុងមួយវិនាទី។

ព្យុះទីហ្វុង Lupit កំពុងធ្វើដំណើរសំដៅទៅទិសឦសាន ក្នុងល្បឿន១០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាត្រូវគេរំពឹងថា នឹងទៅដល់តំបន់ឆ្នេរ នៃខេត្តក្វាងទុងនិងហ៊្វូជាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នៅក្នុងប្រទេសចិន ប្រព័ន្ធប្រកាសភាពអាសន្នផ្នែកអាកាសធាតុ គឺ៤កម្រិតដោយ ប្រើពណ៌ជាសម្គាល់ ក្នុងនោះពណ៌ក្រហមជាកម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: