ព័ត៌មានអន្តរជាតិ

កូវីដកើតច្រើនពេក ប្រទេសថៃប្រើឧទ្ធម្ភាគចក្រកងទ័ព ដើម្បីជួយដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនៅតាមខេត្តវិញ

BY
Khmerpress
August 4, 2021
កូវីដកើតច្រើនពេក ប្រទេសថៃប្រើឧទ្ធម្ភាគចក្រកងទ័ព ដើម្បីជួយដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនៅតាមខេត្តវិញ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ប្រទេសថៃបានប្រើឧទ្ធម្ភាគចក្រកងទ័ព សម្រាប់ជួយដឹកជញ្ជូនអ្នកជំងឺ COVID-19 កម្រិតស្រាលត្រឡប់ទៅតាមខេត្តវិញ ដើម្បីធ្វើការព្យាបាលជំងឺរបស់ពួកគេ។ ឧទ្ធម្ភាគចក្រប្រភេទ MI-17 បានចាប់ផ្ដើមការដឹកជញ្ជូនអ្នកជំងឺ COVID-19 ចេញពីទីក្រុងបាងកក ទៅកាន់ខេត្ត Tak និងក្រុង Phitsanulok កាលពីថ្ងៃអង្គារម្សិលមិញនេះ ហើយនៅថ្ងៃដំបូងរបស់ឧទ្ធម្ភាគចក្រនេះ វាបានដឹកជញ្ជូនអ្នកជំងឺកម្រិតស្រាលសរុបប្រមាណ ១១ នាក់ ។

គួរឱ្យដឹងដែរថា ឧទ្ធម្ភាគចក្រ MI-17 ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១១ ក្រោមគម្រោងបង្កើនសមត្ថភាពជួយសង្គ្រោះគ្រោះមហន្តរាយរបស់កងទ័ពថៃ នៅឯមជ្ឈមណ្ឌលអាកាសចរណ៍កងទ័ព Wing 41 ។ វាត្រូវបានគេប្រើដើម្បីជញ្ជូនអាហារ ថ្នាំ និងរបស់ចាំបាច់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ វាក៏ត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ និងប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្សេងទៀត។ វាក៏ធ្លាប់ត្រូវបានប្រើអំឡុងការជួយសង្គ្រោះក្មេងចំនួន ១២ នាក់ និងគ្រូបង្វឹកក្រុមបាល់ទាត់ «ជ្រូកព្រៃ» ដែលបានជាប់នៅក្នុងរូងភ្នំថាំហ្លួង នៃឧទ្យានព្រៃ Khun Nam Nang Non ក្នុងខេត្តឈៀងរ៉ៃ កាលពីឆ្នាំ ២០១៨ ផងដែរ។

ការដឹកជញ្ជូនបែបនេះមិនមែនជាលើកទី១នោះទេ ព្រោះថាកងទ័ពថៃកន្លងមកក៏ធ្លាប់បានដឹកជញ្ជូនអ្នកជំងឺ COVID-19 កម្រិតស្រាលទៅកាន់ខេត្តកំណើតរបស់ពួកគេផងដែរ កាលពីថ្ងៃទី២៩ ខែកក្កដា ដោយបានប្រើប្រាស់យន្តហោះដឹកជញ្ជូនស្លាបថេរ C295 ហើយមកដល់ពេលនេះ យន្តហោះនោះបានដឹកអ្នកជំងឺប្រមាណ ៨៤ នាក់ តាមជើងហោះហើរចំនួន ៤ ទៅកាន់ខេត្ត Nan និង Nakhon Phanom ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: