ព័ត៌មានអន្តរជាតិ

ព្រោះវិបត្តិជំងឺកូវីដ-១៩ រថយន្តតាក់ស៊ីនៅប្រទេសថៃរាប់ពាន់គ្រឿងត្រូវគេយកទៅទុកចោលជិត ២ឆ្នាំរហូតមានវល្លិដុះឡើងពេញរថយន្ត

BY
Khmerpress
August 5, 2021
ព្រោះវិបត្តិជំងឺកូវីដ-១៩ រថយន្តតាក់ស៊ីនៅប្រទេសថៃរាប់ពាន់គ្រឿងត្រូវគេយកទៅទុកចោលជិត ២ឆ្នាំរហូតមានវល្លិដុះឡើងពេញរថយន្ត

ថៃ៖ នៅក្នុងបរិបទនៃការរាត្បាតជំងឺកូវីដ-១៩ នេះ មានអាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តផ្អាកដំណើរការទាំងស្រុងតែម្តង​ ព្រោះតែប្រភេទអាជីវកម្មទាំងនោះហាក់គ្មានតម្រូវការទាល់តែសោះសម្រាប់ប្រជាពលរដ្ឋទូទៅ។ ជាក់ស្តែងបើយោងតាមគណនី Facebook របស់បណ្តាញសារព័ត៌មាន MThai បានឲ្យដឹងថា មានរថយន្តតាក់ស៊ីជាច្រើនគ្រឿងត្រូវបានគេយកទៅចតចោលនៅក្នុងយានដ្ឋានមួយកន្លែងរហូតមានស្មៅនិងវល្លិដុះពេញរថយន្តនោះទៀតផង ក្រោយរថយន្តទាំងនោះលែងមានដំណើរអាជីវកម្មជិត ២ឆ្នាំមកហើយ។

បើតាមលោក Thapakorn Asawalertkul ដែលជាអ្នកប្រឹក្សាយោបល់ឲ្យក្រុមហ៊ុនរថយន្តតាក់ស៊ី Boon Taxi Cooperative និង Ratchaphruek Taxi បានឲ្យដឹងថា រថយន្តដែលបណ្តាញសារព័ត៌មានខាងលើបានធ្វើការចុះផ្សាយនោះគឺមានចំនួនប្រហែល ២០០ គ្រឿងប៉ុណ្ណោះ ខណៈតាមជាក់ស្តែងរថយន្តតាក់ស៊ីដែលត្រូវបានគេយកទៅទុកចោលដូចនេះមានប្រមាណជា ២,០០០ គ្រឿងឯណោះនៅទូទាំងប្រទសថៃ។

អ្នកប្រឹក្សាយោបល់រូបនេះបានបន្តថា បច្ចុប្បន្ននេះមានរថយន្តតាក់ស៊ីដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលមួយចំនួនតូចប៉ុណ្ណោះដែលអាចនៅដំណើរការបាន ដោយរថយន្តទាំងនោះត្រូវបានគេប្រើប្រាស់សម្រាប់ដឹកអ្នកជំងឺ ហើយការដឹកជញ្ជូននោះទៀតសោធក៏ពុំមានការគិតថ្លៃសេវាពីក្រុមអ្នកជំងឺដែរ។ លោក Thapakorn Asawalertkul បានបញ្ជាក់ថា ការយករថយន្តទុកចោលដូចនោះបានបន្ថែមសម្ពាធទៅកាន់ក្រុមអ្នកបើកបរយ៉ាងខ្លាំង ដោយពួកគាត់ត្រូវខនខានមិនបានរកប្រាក់ចំណូលទាល់តែសោះ ស្របពេលដែលក្រុមអ្នកបើកបរមួយចំនួនត្រូវសងប្រាក់ទៅកាន់ខាងធនាគារសម្រាប់កម្ចីទិញរថយន្ត ​ហើយជាងនេះទៅទៀតរថយន្តដែលបានទុកចោលយូរដូចនេះក៏ត្រូវរងនូវការខូចខាតនិងទាមទាឲ្យមានការចំណាយប្រាក់សម្រាប់ជួសជួលផងដែរទើបអាចយកទៅប្រើវិញបាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ MThai

Share This Post: