ព័ត៌មានអន្តរជាតិ

ផែនការលោក ចូ បៃដិន៖ ជនបរទេសស្ទើរតែទាំងអស់ ដែលចង់ចូលមកកាន់អាមេរិក ត្រូវតែជាអ្នកដែលបានចាក់វ៉ាក់សាំង

BY
Khmerpress
August 5, 2021
ផែនការលោក ចូ បៃដិន៖ ជនបរទេសស្ទើរតែទាំងអស់ ដែលចង់ចូលមកកាន់អាមេរិក ត្រូវតែជាអ្នកដែលបានចាក់វ៉ាក់សាំង

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការតម្រូវឱ្យជនបរទេសស្ទើរតែទាំងអស់ ដែលចង់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ត្រូវតែជាអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស ដែលនេះជាផ្នែកមួយនៃគម្រោងដកចេញការរឹតត្បិត ដែលហាមឃាត់ជនបរទេសមកពីប្រទេសជាច្រើន ចូលមកកាន់ទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើមន្ត្រីសេតវិមានម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះបានឱ្យដឹងទៀតថា សេតវិមាន មានបំណងលុបចោលការរឹតត្បិតលើការធ្វើដំណើរ ដែលនឹងជួយជំរុញដំណើរការឡើងវិញនូវវិស័យទេសចរណ៍ និងបង្កើនអាជីកម្មសម្រាប់ក្រុមហ៊ុន អាកាសចរណ៍អាមេរិក។ ក៏ប៉ុន្តែផែនការនេះ អាចនឹងមិនត្រូវបានលុបចោលភ្លាមៗនោះទេ ដោយសារតែករណីឆ្លង COVID-19 កំពុងកើនឡើងជាថ្មី ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Delta។

មន្ត្រីខាងលើដដែលបានគូសបញ្ជាក់ប្រាប់ Reuters យ៉ាងដូច្នេះថា «រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កំពុងធ្វើការលើបង្កើតប្រព័ន្ធថ្មីមួយដើម្បីកំណត់ថា តើពេលណាទើបយើងអាចបើកការធ្វើដំណើរឡើងវិញ ក្នុងនោះរួមមានទាំងការលើកលែងពិសេស សម្រាប់ជនបរទេសបានចាក់វ៉ាក់សាំងគ្រប់ដូស ដែលចង់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ចេញវិធានការរឹតត្បិត លើការធ្វើដំណើរលើបណ្ដាប្រទេសជាច្រើន កាលពីឆ្នាំ២០២០ សំដៅទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ប្រទេសដែលកំពុងស្ថិតនៅក្រោម បម្រាមធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ក្នុងនោះរួមមានចក្រភពអង់គ្លេស ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អ៉ីរ៉ង់ ប្រេស៊ីល រួមទាំងប្រទេសអឺរ៉ុបចំនួន ២៦ ដែលអនុវត្តការធ្វើដំណើរឆ្លងកាត់ ដោយសេរីនៅក្នុងតំបន់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: