ព័ត៌មានអន្តរជាតិ

អតីតកុមារកំព្រាកម្ពុជាម្នាក់ ត្រូវបានជនបរទេសយកទៅចិញ្ចឹមនៅអាមេរិក ហើយខំប្រឹងតស៊ូរហូតក្លាយជាកីឡាករលោតទឹកតំណាងឲ្យអាមេរិកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក

BY
Khmerpress
August 5, 2021
អតីតកុមារកំព្រាកម្ពុជាម្នាក់ ត្រូវបានជនបរទេសយកទៅចិញ្ចឹមនៅអាមេរិក ហើយខំប្រឹងតស៊ូរហូតក្លាយជាកីឡាករលោតទឹកតំណាងឲ្យអាមេរិកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក

យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  Next Shark បានឲ្យដឹងថា អតីតកុមារកំព្រាក​ម្ពុជាម្នាក់ពេលនេះបានក្លាយជាកីឡាករលោតទឹកតំណាងឲ្យសហរដ្ឋអាមេរិកនិងត្រូវបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលកំពុងរៀបចំឡើងនៅក្នុងប្រទសជប៉ុន។ កីឡាករលោតទឹកជម្រើសជាតិអាមេរិករូបនេះមានឈ្មោះថា Jordan Windle អាយុ ២២ ឆ្នាំ ហើយតាមកាលវិភាគនៃការប្រកួតគឺរូបគាត់នឹងត្រូវបង្ហាញខ្លួនក្នុងវិញ្ញាសាលោតទឹកកម្ពស់ ៣ម៉ែត្រ និង ១០ម៉ែត្រ ខណៈការប្រកួតលើវិញ្ញាសាលោកទឹកកម្ពស់ ៣ ម៉ែត្ររបស់គាត់នឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២ ខែ សីហា ម៉ោង ៣ រសៀលម៉ោងនៅក្នុងប្រទេសជប៉ុន និងត្រូវជាម៉ោង ១ ថ្ងៃត្រង់សម្រាប់ម៉ោងក្នុងប្រទេសកម្ពុជាផងដែរ។

ប្រភពខាងលើបានរម្លឹកថា ឪពុកម្តាយបង្កើតរបស់កីឡាករ Jordan Windle​ បានស្លាប់នៅពេលដែលគាត់ទើបមានអាយុ ១ ឆ្នាំ ហើយរូបគាត់ត្រូវបានគេយកទៅចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែងក្នុងទីក្រុងភ្នំពេញ ហើយក្រោយមកនៅពេលដែលគាត់មានអាយុ ១៨ ខែ គាត់ក៏ត្រូវបានបុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Jerry Windle សម្រេចសុំយករូបគាត់ទៅចិញ្ចឹម។ លោក Jerry Windle បាននាំយកកូនចិញ្ចឹមរបស់គាត់មករស់នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ហើយនៅពេលដែលកុមារ Jordan Windle​ មានអាយុ ៧ ឆ្នាំ គាត់ត្រូវបានចាប់អារម្មណ៍ដោយកូនប្រុសរបស់គ្រូបង្វឹកកីឡាលោតទឹកម្នាក់ ហើយពេលនោះគាត់ក៏ត្រូវបានគេណែនាំឲ្យចូលហ្វឹកហាត់ជាកីឡាករលោតទឹកតែម្តង។

ក្នុងអំឡុងពេលហ្វឹកហាត់កីឡាលោតទឹករយៈពេល ១៥ ឆ្នាំមកនេះ កីឡាករ Jordan Windle​ ធ្លាប់ចូលប្រកួតសាកល្បងសម្រាប់បេក្ខភាពជាកីឡាករជម្រើសជាតិម្តងកាលពីអាយុ ១៣ ឆ្នាំ និងម្តងទៀតនៅពេលមានអាយុ ១៦ ឆ្នាំ ហើយសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិតនេះ គាត់ក៏បានជាប់ជាកីឡាករជម្រើសជាតិតំណាងឲ្យសហរដ្ឋអាមេរិកតែម្តង។ កាលពីឆ្នាំ ២០១៦ កីឡាករ Jordan Windle​ ក៏ធ្លាប់មកសម្តែងក្នុងកម្មវិធីពិពណ៌កីឡាលោតទឹកសម្រាប់កុមារកំព្រានៅក្នុងប្រទេសកម្ពុជាម្តងផងដែរ។ អង្គភាពសារព័ត៌មានខ្មែរណូតសុំជូនពរឲ្យកីឡាករអាមេរិកដើមកំណើតខ្មែររូបនេះទទួលបានជោគជ័យគ្រប់វិញ្ញាសាដែលរូបគាត់ត្រូវប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិត នេះ៕

អត្ថបទ​៖ ភក្តី

ប្រភព៖ Next Shark

 

Share This Post: