ព័ត៌មានអន្តរជាតិ

BREAKING: ក្រុមហ៊ុនជប៉ុនមួយកំពុងធ្វើតេស្ត «ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩» លើមនុស្ស

BY
Khmerpress
August 5, 2021
BREAKING: ក្រុមហ៊ុនជប៉ុនមួយកំពុងធ្វើតេស្ត «ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩» លើមនុស្ស

(តូក្យូ)៖ ក្រុមហ៊ុនជប៉ុនមួយដែលមានឈ្មោះថា Shionogi បានចូលរួមជាមួយក្រុមហ៊ុន Pfizer និង Merk ក្នុងការស្រាវជ្រាវរកថ្នាំព្យាបាលជំងឺ COVID-19 ប្រកបដោយសុវត្ថិភាព ហើយការធ្វើតេស្តលើមនុស្សក៏កំពុងចាប់ផ្តើមផងដែរ ដោយអ្នកចូលរួមធ្វើតេស្តតម្រូវឲ្យលេបថ្នាំ «១គ្រាប់ក្នុង១ថ្ងៃ»។ នេះបើតាមការដកស្រង់ព័ត៌មាន ចេញពីកាសែតអាមេរិក Wall Street Journal នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។

ក្រុមហ៊ុន Shionogi ដែលមានមូលដ្ឋាននៅទីក្រុង Osaka ប្រទេសជប៉ុនបានអះអាងថា ខ្លួនបានអភិវឌ្ឍថ្នាំគ្រាប់មួយប្រភេទ ដើម្បីកម្ចាត់វីរុស COVID-19 នៅក្នុងខ្លួនមនុស្ស ហើយការលេបវាក្នុងមួយថ្ងៃតែ «១គ្រាប់» គឺផ្តល់ភាពងាយស្រួលកាន់តែច្រើន។ Shionogi បានគូសបញ្ជាក់ទៀតថា ពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្ត ហើយផលប៉ះពាល់ណាមួយដែលកើតមាននៅក្នុងខែនេះ ទំនងជាអាចនឹងបន្តដល់ឆ្នាំក្រោយ ដើម្បីឲ្យក្រុមហ៊ុនធ្វើការវិភាគអំពីលទ្ធផល។

គួរបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន Shionogi ហាក់ដើរក្រោយក្រុមហ៊ុន Pfizer និង Merck នៅសហរដ្ឋអាមេរិក ព្រោះក្រុមហ៊ុនទាំងពីរនេះបានធ្វើតេស្តថ្នាំគ្រាប់ព្យាបាល COVID-19 អស់ជាច្រើនខែរួចមកហើយ។ យ៉ាងណាក៏ដោយ នេះជាក្តីសង្ឃឹមបន្ថែមមួយទៀត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺ COVID-19 ជាពិសេសនៅពេលដែលវីរុសបំប្លែងថ្មីៗ នៅតែបន្តវាយលុកពិភពលោក។ ក្រុមហ៊ុនទាំងបីនេះបានប្តេជ្ញា ពួកគេនឹងចូលរួមបំពេញចន្លោះប្រហោងដ៏ធំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ។

សម្រាប់ក្រុមហ៊ុន Pfizer ធ្លាប់បានកាលពីពេលថ្មីៗនេះថា ថ្នាំគ្រាប់ព្យាបាល COVID-19 របស់ខ្លួន អាចនឹងត្រូវដាក់លក់លើទីផ្សារ ឆាប់បំផុតគឺនៅក្នុងឆ្នាំ២០២១នេះតែម្តង។ Pifzer ក៏កំពុងទទួលយកអ្នកស្ម័គ្រចិត្ត ដើម្បីធ្វើតេស្តថ្នាំប្រឆាំងវីរុសចំនួនពីរមុខ ដែលតម្រូវលេបព្រមគ្នាផងដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំងទាំងឡាយដែលត្រូវបានអនុម័តដោយ អង្គការសុខភាពពិភពលោក (WHO) នៅតែមានប្រសិទ្ធភាព ដើម្បីទប់ទល់នឹងជំងឺ COVID-19 ក្នុងនោះរួមទាំងវីរុសបំប្លែងថ្មី Delta ផងដែរ។ ប៉ុន្តែមនុស្សខ្លះនៅតែមិនចង់ចាក់វ៉ាក់សាំង ដែលប្រការនេះកំពុងក្លាយជាហានិភ័យកាន់តែខ្លាំង អាចនាំឲ្យពួកគេឆ្លងជំងឺ COVID-19 ដ៏កាចសាហាវ។ ដូច្នេះថ្នាំគ្រាប់ព្យាបាល COVID-19 ត្រូវបានគេជឿជាក់ថា ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពថ្មីមួយទៀត ដើម្បីបំពេញចន្លោះប្រហោងដ៏ធំមួយនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: