ព័ត៌មានអន្តរជាតិ

UN ព្រួយបារម្ភជាខ្លាំងចំពោះប្រទេសខ្លះ ដែលទុកវ៉ាក់សាំងចោលមិនប្រើ ដោយសារតែបញ្ហាមួយចំនួន

BY
Khmerpress
August 6, 2021
UN ព្រួយបារម្ភជាខ្លាំងចំពោះប្រទេសខ្លះ ដែលទុកវ៉ាក់សាំងចោលមិនប្រើ ដោយសារតែបញ្ហាមួយចំនួន

(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) បានបង្ហាញក្តីព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពដែលវ៉ាក់សាំងបង្ការ COVID-19 មិនត្រូវបានប្រើប្រាស់ ហើយស្ថាប័នពិភពលោកមួយនេះបានសង្កត់ធ្ងន់ថា ខ្លួនអាចចូលជួយ ឬផ្ដល់ជំនួយនានាបាន លុះត្រាណាតែមានការស្នើសុំ ពីសំណាក់រដ្ឋាភិបាលណាមួយតែប៉ុណ្ណោះ។ នេះបើតាមកការចញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូចារីច (Stephane Dujarric) បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក)។ លោក Stephane Dujarric បានគូសបញ្ជាក់ដូច្នេះថា «យើងពិតជាព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពដែលបាននិងកំពុងឃើញវ៉ាក់សាំង ត្រូវបានគេទុកចោលមិនប្រើ… ដោយសារតែកង្វះការថែទាំមិនត្រឹមត្រូវ, ហេតុផលរដ្ឋបាល ឬក៏ការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង»។

អ្នកនាំពាក្យរូបនេះបន្ថែមថា «UN ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់បណ្ដាប្រទេសនានា ជាមួយការចែកចាយវ៉ាក់សាំង ដូចជាការដឹកជញ្ជូន និងការជំរុញការចាក់វ៉ាក់សាំង ប៉ុន្តែវាអាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពីរដ្ឋាភិបាល»។

គួរបញ្ជាក់ថា បើតាមអង្គការ UNICEF យន្ដការ COVAX បានចែកចាយវ៉ាក់សាំងជាង ១៨៦.២លានដូសហើយដល់បណ្ដាប្រទេសចំនួន ១៣៨ ប្រទេស ហើយមាន គោលដៅសម្រេចបានការចែកចាយវ៉ាក់សាំង ២ពាន់លានដូសដល់ប្រទេសក្រីក្រ និងមានប្រាក់ចំណូលមធ្យម នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។ យ៉ាងណាក៏ដោយ UN មិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា តើប្រទេសណាខ្លះកំពុងកើតមានបញ្ហា ដូចបានរៀបរាប់ខាងលើនេះឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: