ព័ត៌មានអន្តរជាតិ August 13, 2021

ទីបំផុតសហរដ្ឋអាមេរិកអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer និង Moderna សម្រាប់ការចាក់ «ដូសទី៣» ប៉ុន្តែត្រូវមានលក្ខខណ្ឌ

Khmerpress

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចអនុញ្ញាតហើយ សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនប្រជាជនអាមេរិក ប៉ុន្តែសម្រាប់ដំណាក់កាលដំបូង នឹងត្រូវផ្តល់ជូនអ្នកដែលមានប្រព័ន្ធភាពសុំាខ្សោយសិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។

បើតាម FDA ការអនុញ្ញាតខាងលើធ្វើឡើងនៅក្រោមលក្ខខណ្ឌ នៃការប្រើប្រាស់បន្ទាន់ ដោយប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna ចាប់ពីចុងសប្ដាហ៍នេះតទៅ។ ប្រជាជនអាមេរិកមួយចំនួន ដែលមានជំងឺប្រចាំកាយ, ក្រោយទទួលការវះកាត់ប្ដូរអវៈយវៈ ឬអ្នកទាំងឡាយណា ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានប្រព័ន្ធភាពសុំាទន់ខ្សោយ នោះនឹងទទួលបានការចាក់វ៉ាក់សាំងដូសទី ៣។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO ធ្លាប់បានអំពាវនាវឱ្យបណ្ដាប្រទេសទាំងឡាយ ពន្យារពេលការចាក់វ៉ាក់សាំងដូសទី ៣ រហូតដល់ចុងខែកញ្ញា។ ប៉ុន្តែប្រឈមមុខនឹងការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Delta បណ្ដាប្រទេសជាច្រើនក្រៅពីសហរដ្ឋអាមេរិក ដូចជាអ៉ីស្រាអែល អាល្លឺម៉ង់ ថៃ និងកម្ពុជាដើម បានអនុញ្ញាតឱ្យចាក់ដូសទី ៣ រួចទៅហើយក្រោមលក្ខខណ្ឌបន្ទាន់។

គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៥៣លានដូស ក្នុងនោះប្រជាជន ១៩៦.០៧លាននាក់ (៥៩.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ ដូស និង ១៦៧.១លាននាក់ទៀត (៥០.៩%) បានទទួលការចាក់គ្រប់ដូស ឬ ២ ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews