ព័ត៌មានជាតិ

អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ផ្ញើសារសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ក្នុងគ្រាកម្ពុជាកំពុងរាលដាលជំងឺកូវីដ១៩

BY
Khmerpress
April 22, 2021
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ផ្ញើសារសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ក្នុងគ្រាកម្ពុជាកំពុងរាលដាលជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក ង្វៀង ហ៊្វូជុង អគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីសួរសុខទុក្ខ ក្នុងគ្រាកម្ពុជាកំពុងរាលដាលជំងឺកូវីដ១៩។

តាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក ង្វៀង ហ្វ៊ូជុង លើកឡើងថា សភាពការណ៍នៃជំងឺកូវីដ១៩ នៅតែបន្តប្រព្រឹត្តទៅយ៉ាងស្មុកស្មាញលើពិភពលោកទាំងមូល ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយដល់គ្រប់វិស័យ ជីវភាពរស់នៅខាងសេដ្ឋកិច្ចរបស់បណ្តារដ្ឋ ក្នុងនោះមានវៀតណាម និងកម្ពុជា។ «បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែបានយកចិត្តទុកដាក់ តាមដានជាប់ជាប្រចាំនូវសភាពការណ៍នៃជំងឺ និងសូមចែករំលែកការលំបាកដែលកម្ពុជាកំពុងប្រទះដែលបង្កឡើងដោយជំងឺកូវីដ១៩ ក្នុងរយៈពេលកន្លងទៅ»

លោក ង្វៀង ហ៊្វូជុង បានវាយតម្លៃខ្ពស់ចំពោះបណ្តាវិធានការដែលគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញដើម្បីបង្ការ និងប្រឆាំងជំងឺ Covid-19 នាពេលកន្លងទៅ ហើយជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា និងចំណាត់ការយ៉ាងប្តូរផ្តាច់របស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ រួមជាមួយការគាំទ្រ និងសាមគ្គីភាពរបស់ប្រជាជនទាំងមូលកម្ពុជាដាច់ខាតទប់ស្កាត់ និងគ្រប់គ្រងបានដោយជោគជ័យជំងឺ Covid-19 នាពេលឆាប់ៗនេះ។

លោកបានថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះគណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលកម្ពុជា ដែលបានដំណើរការចាក់វ៉ាក់សាំងបង្ការ និងប្រឆាំងជំងឺ Covid-19 ជូនកម្មាភិបាលបណ្តាស្ថាប័យតំណាងរបស់វៀតណាម និស្សិតវៀតណាម និងជួយឧប្តម្ភសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា ក្នុងការបង្ការ និងប្រឆាំងជំងឺ Covid-19 ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: