ព័ត៌មានអន្តរជាតិ August 26, 2021

ក្នុងរយៈពេលមួយសប្ដាហ៍មកនេះ ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ថ្មីច្រើនជាង ១០,០០០ ករណី ជារៀងរាល់ថ្ងៃ ដែលនាំឱ្យចំនួនឆ្លងសរុបមានដល់ ៣៧៧,២៤៥ ករណី

Khmerpress

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ១២,០៩៦ ករណី កាលពីយប់ថ្ងៃពុធ ដែលជាការកើនឡើង ១,២៩៦ ករណី ពីថ្ងៃអង្គារ ហើយក៏ជាថ្ងៃទី៧ ជាប់ៗគ្នា ដែលប្រទេសវៀតណាមមានករណីថ្មីច្រើនជាង ១០,០០០ ករណី។ ទីក្រុងហូជីមិញតែមួយមានករណីថ្មីចំនួន ៥,២៩៤ ករណី តាមពីក្រោយដោយខេត្តប៊ិញឌួង ៤,១២៩ ករណី និងខេត្តដុងណៃ ៦១៨ ករណី ។

ចំនួននេះនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបក្នុងប្រទេសវៀតណាម គិតត្រឹមរលកទី៤ ដែលរាប់ចាប់តាំងពីចុងខែមេសា មានដល់ ៣៧៧,២៤៥ ករណី។ ក្នុងចំណោមពួកគេ មានអ្នកជំងឺ ១៦៧,១៤៧ បានជាសះស្បើយ និងត្រូវបានរំសាយចេញ។ ជាមួយគ្នានេះ មានការស្លាប់ចំនួន ៣៣៥ ករណី ត្រូវបានបញ្ជាក់នៅថ្ងៃពុធម្សិលមិញនេះ ដែលភាគច្រើននៃពួកគេត្រូវបានបញ្ជាក់នៅទីក្រុងហូជីមិញ ដែលនាំឱ្យការស្លាប់សរុបមាន ៩,៣៤៩ ករណី ឬ ២.៥%៕ ផ្តល់សិទ្ធិដោយ៖ freshnews