ព័ត៌មានអន្តរជាតិ September 8, 2021

លោកស្រី Sanae Takaichi ចង់ចូលរួមប្រកួតយកតំណែងប្រធានបក្សកាន់អំណាច ដើម្បីក្លាយជានាយករដ្ឋមន្ត្រីជប៉ុនជាស្ត្រីដំបូង

Khmerpress

(តូក្យូ)៖ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជប៉ុនលោកស្រី សាណេ តាកាអ៊ីជិ (Sanae Takaichi) នឹងប្រកាសពីការសម្រេចចិត្ត ក្នុងការចូលរួមឈរឈ្មោះសម្រាប់តំណែង ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ដើម្បីក្លាយជានាយករដ្ឋមន្ត្រីដំបូងគេបំផុតរបស់ជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោកស្រី Takaichi ទទួលបានការគាំទ្រពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ហើយមានគោលនយោបាយប្រឆាំងនឹងការ គំរាមកំហែងផ្នែកបច្ចេកវិទ្យារបស់ចិន និងស្ដារសេដ្ឋកិច្ចជាតិឱ្យងើបឡើងវិញវិបត្តិ COVID-19។

គួរបញ្ជាក់ថា គណបក្សកាន់អំណាចរបស់ជប៉ុន គឺគណបក្សសេរីប្រជាធិបតេយ្យ (LDP) គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សរបស់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញានេះ បន្ទាប់ពីនាយកដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide សម្រេចចិត្តលាលែងចេញពីតំណែងកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ អ្នកដែលឈ្នះនៅ ក្នុងការបោះឆ្នោតនេះនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន។

ប៉ុន្តែ មកទល់នឹងពេលនេះ មានតែអតីតរដ្ឋមន្ត្រីការបរទេស លោក Fumio Kishida តែម្នាក់គត់ដែល បានប្រកាសឈរឈ្មោះប្រកួតប្រជែងជាផ្លូវការ ខណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំង COVID-19 លោក Taro Kono រួមទាំងលោកស្រី Takaichi ទើបតែបង្ហាញពីចេតនាចង់ចូលរួមតែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews