ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងប្រកាសជោគជ័យ នៃការធ្វើតេស្តគ្រាប់មីស៊ីល «SLBM» ផ្លោងចេញពីនាវាមុជទឹក ដែលសុទ្ធសឹងជាផលិតផលក្នុងស្រុក

BY
Khmerpress
September 15, 2021
កូរ៉េខាងត្បូងប្រកាសជោគជ័យ នៃការធ្វើតេស្តគ្រាប់មីស៊ីល «SLBM» ផ្លោងចេញពីនាវាមុជទឹក ដែលសុទ្ធសឹងជាផលិតផលក្នុងស្រុក

(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង (Blue House) នៅរសៀលថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសពីភាពជោគជ័យ ក្នុងការធ្វើតេស្តគ្រាប់មីស៊ីលបាលីស្ទីក បាញ់ចេញពីនាវាមុជទឹក ឬយើងស្គាល់ថា SLBM ដែលត្រូវបានអភិវឌ្ឍឡើងនៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ ការធ្វើតេស្តត្រូវបានធ្វើឡើងនៅរសៀលថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) នៅឯមូលដ្ឋានរបស់ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍវិស័យការពារជាតិ (ADD) ស្ថិតនៅក្នុងខេត្ត ឈុងឆុង (Chungcheong) នៃប្រទេសកូរ៉េខាងត្បូង។ វិមាន Blue House បានឲ្យដឹងទៀតថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន និងមន្ត្រីយោធាកំពូលៗឯទៀត គឺជាអ្នកត្រួតពិនិត្យដោយផ្ទាល់ ចំពោះការបាញ់សាកល្បងគ្រាប់មីស៊ីល SLBM ចេញពីនាវាមុជទឹកខាងលើនេះ។

គួរបញ្ជាក់ថា នេះជាការធ្វើតេស្តថ្មីទៀតបន្ទាប់ពីការធ្វើតេស្ត បានសម្រេចម្តងរួចមកហើយកាលពីសប្តាហ៍មុន។ កូរ៉េខាងត្បូងត្រូវបានចាត់ទុក ជាប្រទេសទីមួយនៅលើពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានអភិវឌ្ឍដោយជោគជ័យនូវគ្រាប់មីស៊ីល SLBM ឈ្មោះ យុនមូ ហ្វរធូហ្វរ (Hyunmoo 4-4) ដែលជាប្រភេទមីស៊ីលបាលីស្ទីក បាញ់ចេញពីនាវាមុជទឹក ហើយអាចមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងចល័តបានចម្ងាយ ៥០០គីឡូម៉ែត្រ។

សម្រាប់ការធ្វើតេស្តនៅរសៀលថ្ងៃពុធនេះដែរ គ្រាប់មីស៊ីល SLBM របស់កូរ៉េខាងត្បូង ត្រូវបានបាញ់ចេញពីនាវាមុជទឹកទម្ងន់ ៣,០០០តោនឈ្មោះ ដូសាន អាន ចាងហូ (Dosan Ahn Chang-ho) ជាផលិតផលក្នុងស្រុករបស់កូរ៉េខាងត្បូង ដែលត្រូវបានដាក់ឲ្យបំពេញប្រតិបត្តិការ កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ។ បើតាម Blue House គ្រាប់មីស៊ីល SLBM បានបុកចំគោលដៅដូចការរំពឹងទុក ខណៈនាវា Dosan Ahn Chang-ho មានម៉ាស៊ីនសម្រាប់បាញ់មីស៊ីលប្រភេទនេះ រហូតដល់ទៅ ០៦គ្រឿងនៅជាប់ខ្លួនវាតែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: