ព័ត៌មានជាតិ April 7, 2021

កម្មកររោងចក្រកាត់ដេរ «ឌីន ហាន» នៅខណ្ឌមានជ័យ រកឃើញឆ្លងជំងឺកូវីដជិត៥០នាក់, អាជ្ញាធរអំពាវនាវឲ្យកម្មករទាំងអស់ មកធ្វើតេស្ដបន្ទាន់នៅយប់នេះ និងថ្ងៃស្អែកនៅរោងចក្រតែម្តង, បើនរណាមិនមកធ្វើតេស្ត មិនឲ្យចូលធ្វើការឡើយ

Khmerpress

(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរ «ឌីន ហាន» ឆ្លងជំងឺកូវីដ១៩ ជិត៥០នាក់។ នេះបើតាមអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។ រោងចក្រកាត់ដេរ «ឌីន ហាន» ដែលមានកម្មករនិយោជិតចំនួនជិត៥០នាក់ឆ្លងជំងឺកូវីដ១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែកជាកំហិត បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។ ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករទាំងនោះ ត្រូវជួយណែនាំឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃតាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុត។

នៅយប់ថ្ងៃនេះអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បាននិងយកសំណាកទៅលើបងប្អូនកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកកូវីដ១៩។ យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យ បានឲ្យដឹងថា កម្មករដែលកំពុងបម្រើការងារនៅក្នុងរោងចក្រមួយនេះមានចំនួន ២៥៦២នាក់៕ ផ្តល់សិទ្ធិដោយ៖ Freshnews