ព័ត៌មានជាតិ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ៣លានដូសថ្មីទៀត ដែលជាការបញ្ជាទិញ ត្រូវបានដឹកមកដល់កម្ពុជាហើយ

BY
Khmerpress
September 28, 2021
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ៣លានដូសថ្មីទៀត ដែលជាការបញ្ជាទិញ ត្រូវបានដឹកមកដល់កម្ពុជាហើយ

(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ចំនួនប្រមាណ ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា បូករួមទាំងវ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ នាំឱ្យកម្ពុជាទទួលបានវ៉ាក់សាំងសរុប ៣៥.៥លានដូស។ លោកស្រី បានឱ្យដឹងផងដែរថា វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញ និងដឹកមកដល់ថ្ងៃនេះគឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងទាំងការស្វែងរកវ៉ាក់សាំង និងការកសាងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដោយមានប្រទេសចិនជាបង្អែកលើការផ្គត់ផ្គង់វ៉ាក់សាំងនេះ ធ្វើឱ្យកម្ពុជារកបានវ៉ាក់សាំងបានឆាប់រហ័សតាមការចង់បានរបស់កម្ពុជា។ ជាមួយនឹងវត្តមានវ៉ាក់សាំងទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដាច់ណាត់ មិនត្រូវឱ្យវ៉ាក់សាំងដេកនៅក្នុងឃ្លាំងនៅឡើយ គឺត្រូវតែបានចូលទៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋ។

បទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យល្បឿននៃការចាក់វ៉ាក់សាំងរបស់កម្ពុជា មានភាពលឿនលយគួរឱ្យកត់សម្គាល់។ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ៦ឆ្នាំឡើងទៅ បានចំនួនសរុប ១៣.២លាននាក់ ស្មើនឹងជាង ៨២ភាគរយ នៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប ១៦លាននាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: