ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃឃាត់ខ្លួនជនសង្ស័យ៧នាក់ ដែលលួចបំប៉ោងទិន្នន័យអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបន្លំយកវ៉ាក់សាំងមានតម្លៃជាង ២០ម៉ឺនដុល្លារទុកលក់ក្រៅផ្លូវការ

BY
Khmerpress
September 28, 2021
អាជ្ញាធរថៃឃាត់ខ្លួនជនសង្ស័យ៧នាក់ ដែលលួចបំប៉ោងទិន្នន័យអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបន្លំយកវ៉ាក់សាំងមានតម្លៃជាង ២០ម៉ឺនដុល្លារទុកលក់ក្រៅផ្លូវការ

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យចំនួន ៧នាក់ជាបក្សពួកធ្វើសកម្មភាពបំប៉ោងចំនួនប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងគោលបំណងកេងយកវ៉ាក់សាំងសម្រាប់ទុកលក់ក្រៅផ្លូវការនៅពេលក្រោយទៀត ខណៈបទល្មើសមួយនេះត្រូវបានគេប៉ាន់ស្មានថាអាចមានទំហំជាទឹកប្រាក់រហូតដល់ទៅ ៧លានបាត (២០៨,០២៣ ដុល្លារអាមេរិក)។ ​

ជនសង្ស័យទាំង ៧នាក់នោះគឺជាអតីតអ្នកស្ម័គ្រចិត្តជួយចុះឈ្មោះប្រជាពលរដ្ឋថៃដែលត្រូវមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅមណ្ឌលចាក់វ៉ាក់សាំង Bang Sue Grand Station ក្នុងទីក្រុងបាងកក ដែលជាកន្លែងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសេរីចំពោះគ្រប់ពលរដ្ឋទាំងអស់ ពោលគឺជាការផ្តល់វ៉ាក់សាំងដែលពុំបានកំណត់ឈ្មោះនិងចំនួនប្រជាពលរដ្ឋទុកមុននោះទេ។

ប្រភពខាងលើបានបន្តថា ក្នុងចំណោមជនសង្ស័យទាំង ៧​នាក់នោះគឺមានជនសង្ស័យ ២ នាក់គឺជាប្តីប្រពន្ធនិងជាមនុស្សសកម្មជាងគេក្នុងការប្រព្រឹត្តិបទល្មើសនេះ ដោយស្រ្តីជាប្រពន្ធមានឈ្មោះថា Pakamon Hompak និងបុរសជាប្តីមានឈ្មោះថា Wichayapong Teera-angkananont ហើយតាមការប៉ាន់ស្មានប្តីប្រពន្ធពីរនាក់អាចទទួលបានប្រាក់ចន្លោះពី ៣-៤លានបាត (៨៩,០០០-១១៨,០០០ដុល្លារអាមេរិក) ចំពោះការធ្វើសកម្មភាពបំប៉ោងទិន្នន័យអ្នកចាក់វ៉ាក់សាំងនេះ។

បើតាមអាជ្ញាធរបានឲ្យដឹងថា ចាប់តាំងពីចុងខែកក្កដាមក មានឈ្មោះពលរដ្ឋប្រហែល ១ពាន់នាក់ត្រូវបានក្រុមជនសង្ស័យលួចបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកចាក់វ៉ាក់សាំងជារៀងរាល់ថ្ងៃនៅក្រោយម៉ោង ៨ យប់ ពោលគឺក្រោយម៉ោងការងាត្រូវបានបញ្ចប់។ អាជ្ញាធរថៃបានបន្តថា សម្រាប់នៅក្នុងថ្ងៃទី ២៨ ខែកក្កកដាកន្លងទៅ​គេបានរំពឹងថានឹងមានពលរដ្ឋប្រហែលជា​ ៣៨៤នាក់ប៉ុណ្ណោះដែលត្រូវមកចាក់វ៉ាកសាំង តែចំនួនជាក់ស្តែងនៅក្នុងប្រព័ន្ធមានរហូតដល់ជាង ២,០០០ នាក់ឯណោះ។

ដើម្បីបន្លំភ្នែកអាជ្ញាធរ ពេលខ្លះជនសង្ស័យក៏បានជួលពលរដ្ឋមួយឲ្យមកសម្តែងចុះឈ្មោះចាក់វ៉ាក់សាំងនៅក្នុងមណ្ឌលផ្ទាល់ផងដែរ ដោយពលរដ្ឋទាំងនោះអាចទទួលបានប្រាក់ចន្លោះពី ៤០០-១,២០០ បាត (១២-៣៦ ដុល្លារ) អាស្រ័យតាមការចចារ ឬតាមចំនួនតិចឬច្រើនដែលពួកគេត្រូវមកបង្ហាញខ្លួននៅកន្លែងចាក់វ៉ាក់សាំង ខណៈដែលតាមជាក់ស្តែងពួកគេសុទ្ធតែបានចាក់វ៉ាក់សាំងរួចហើយ។ ក្រោយការឃាត់ខ្លួនជនសង្ស័យ ២នាក់ប្តីប្រពន្ធត្រូវបានអាជ្ញាធរថៃហៅមកសាកសួរជាសាធារណៈនិងតម្រូវឲ្យពួកគេធ្វើត្រាប់ចំពោះសកម្មភាពដែលពួកគេធ្លាប់បានធ្វើនាពេលកន្លងមកផងដែរ។

គួររម្លឹកថា នាពេលកន្លងមកដោយសាតែនៅប្រទេសថៃមានការរាតត្បាតជំងឺកូវីដ ១៩ខ្លាំងហើយវ៉ាក់សាំងមានចំនួនតិចតួចនោះ ពលរដ្ឋថៃជាអ្នកមានប្រាក់មួយចំនួនសុខចិត្តចំណាយលុយក្រៅផ្លូវការយ៉ាង​ច្រើនដើម្បីទទួលបានឱកាសចាក់វ៉ាក់សាំងមុនគេ បើទោះជាពួកគេដឹងច្បាស់ថាវ៉ាក់សាំងនេះត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃក៏ដោយ៕ ដោយ៖ ខ្មែរណូត

Share This Post: