ព័ត៌មានអន្តរជាតិ

ប្រទេសថៃកំពុងចាប់ផ្ដើមសាកល្បងវ៉ាក់សាំង Baiya ដែលជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតឡើងពីថ្នាំជក់ដំបូងបំផុតរបស់ខ្លួន

BY
Khmerpress
September 28, 2021
ប្រទេសថៃកំពុងចាប់ផ្ដើមសាកល្បងវ៉ាក់សាំង Baiya ដែលជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតឡើងពីថ្នាំជក់ដំបូងបំផុតរបស់ខ្លួន

រដ្ឋាភិបាលរបស់ប្រទេសថៃតាមរយៈអ្នកនាំពាក្យរងលោក Ratchada Thanadirek បានអំពាវនាវអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អ ឱ្យចូលរួមធ្វើការសាកល្បងវ៉ាក់សាំង Baiya ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ផលិតឡើងពីថ្នាំជក់ដំបូងបំផុតរបស់ប្រទេសថៃ នៅក្នុងដំណាក់កាលទី១ របស់ខ្លួន។ ការប្រកាសនេះគឺដើម្បីទទួលយកអ្នកស្ម័គ្រចិត្តបន្ថែម សម្រាប់ការតេស្តវ៉ាក់សាំង Baiya Sars CoV-2 Vax 1 ដំណាក់កាលទី១ នៅឯមន្ទីរពេទ្យជូឡាឡុងកន និងវិទ្យាស្ថាន Saowapa របស់កាកបាទក្រហមថៃ។

ដើម្បីចូលរួមក្នុងការសាកល្បងនេះ អ្នកស្ម័គ្រចិត្តត្រូវមានសុខភាពល្អ អាយុចន្លោះពី ១៨-៧៥ ឆ្នាំ ហើយមិនធ្លាប់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ណាមួយឡើយ។ គិតមកទល់ពេលនេះ ចំនួនអ្នកអ្នកស្ម័គ្រចិត្តនៅមានកំណត់នៅឡើយ ដោយសារថាពលរដ្ឋមួយចំនួនមិនបានបំពេញតាមលក្ខខណ្ឌចាំបាច់នោះទេ។

ជម្រាបដែរថា Baiya ផលិតឡើងពីថ្នាំជក់មានកម្រិតជាតិនីកូទីនទាប ដែលយកមកដោយផ្ទាល់ពីប្រទេសអូស្រ្តាលី។ ស្លឹករបស់វាត្រូវបានគេប្រើធ្វើជាមុខងារសំខាន់ក្នុងការបង្កើតប្រូតេអ៊ីន ហើយប្រូតេអ៊ីននោះក៏នឹងត្រូវបានយកចេញពីស្លឹករបស់ថ្នាំជក់ ដើម្បីទៅបង្កើតជាវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់បង្កើតអង់ទីករការពារខ្លួនដល់អ្នកប្រើប្រាស់៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: