រកឃេីញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៦នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយយកសំណាកតាមឧបករណ៍តេស្តលឿន
(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយយកសំណាកតាមរយៈ Rapid Test រួចមក មន្រ្តីសុខាភិបាលបានរកឃើញមនុស្សចំនួន១២៦នាក់ មានវិជ្ជមានកូវីដ១៩ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្តែយ៉ាងណានោះ ត្រូវរង់ចាំការធ្វើតេស្តដោយក្រសួងសុខាភិបាលម្តងទៀតនៅវិទ្យាស្ថានប៉ាស្ទ័រ។
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានធ្វើយកសំណាកពីមនុស្សចំនួន៤៧០នាក់ ហើយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១២៦នាក់ ដោយធ្វើសំណាកលើកទី១លើមនុស្សចំនួន១២៧ រកឃើញវិជ្ជមាន៦៣នាក់ និងលើកទី២ ធ្វើសំណាកលើមនុស្សចំនួន៣៤៣ រកឃើញវិជ្ជមាន៦៣នាក់។ សម្រាប់អ្នកវិជ្ជមានទាំង១២៦នាក់ខាងលើនេះ គឺភាគច្រើនជាជនជាតិឥណ្ឌូណេស៊ី។
បើតាមអាជ្ញាធរខេត្ត សម្រាប់អ្នកវិជ្ជមានទាំង១២៦នាក់ខាងលើនេះ ត្រូវបានមន្រ្តីសុខាភិបាលយកសំណាកទៅពិនិត្យបន្តនៅវិទ្យាស្ថានប៉ាស្ទ័របន្ថែមទៀតទើបផ្លូវការ។សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្ដោះអាសន្ន ទីតាំងមួយចំនួនក្នុងភូមិសាស្ដ្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចនោះ អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទីតាំងនោះត្រូវបិទរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។ផ្តល់សិទ្ធិដោយ freshnews