អាមេរិក ប្រកាសផ្ដល់ប្រាក់រង្វាន់ ១០លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការចាប់ខ្លួនពាណិជ្ជករកូឡុំប៊ីម្នាក់
(ការ៉ាកាស់)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសផ្ដល់ប្រាក់រង្វាន់រហូតដល់ទៅ ១០លានដុល្លារ សម្រាប់ការផ្ដល់ព័ត៌មានដែលនាំទៅរកចាប់ខ្លួន ឬការផ្ដន្ទាទោសពាណិ្ជករជាតិកូឡុំប៊ីម្នាក់ លោក Alvaro Pulido ពីបទលាងលុយកខ្វក់ មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាលក្ខណៈប្រព័ន្ធនៅក្នុង ប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។
ការប្រកាសផ្ដល់ប្រាក់រង្វាន់របស់ក្រសួងការបរទេសអាមេរិក កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ជាផ្លូវការលើលោក Pulido មានអាយុ ៥៧ឆ្នាំ និងមនុស្ស៤នាក់ផ្សេងទៀត ក្នុងនោះរួមទាំងអ្នកនយោបាយម្នាក់មកពីគណបក្សកាន់អំណាចសព្វថ្ងៃនៅវេណេស៊ុយអេឡា ពីបទ លាងលុយកខ្វក់ ក្នុងអំពើពុករលួយជាលក្ខណៈប្រព័ន្ធ។ អំពើពុករលួយនេះមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរដ្ឋវេណេស៊ុយអេឡាមួយដែលទទួលបន្ទុកចែកចាយចំណី អាហារ និងថ្នាំពេទ្យក្រោមកម្មវិធីមួយឈ្មោះ CLAP។
គួរបញ្ជាក់ថា លោក Alvaro Pulido គឺជាដៃគូរកស៊ីរបស់ពាណិជ្ជករកូឡុំប៊ីម្នាក់ទៀត គឺលោក Alex Saab ដែលមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹង ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ លោក Alex Saab ត្រូវបានធ្វើបត្យាប័នពីប្រទេសកាប៉េ វែរដេ (Cape Verde) ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅ ដើម្បីប្រឈមមុខនឹងបទចោទប្រកាន់លាងលុយកខ្វក់។ ទាំងលោក Alvaro Pulido និងលោក Alex Saab សុទ្ធតែធ្លាប់ជាប់ ទណ្ឌកម្មពីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩៕ ផ្តល់សិទ្ធិដោយ៖ freshnews


