ព័ត៌មានអន្តរជាតិ October 30, 2021

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៤,២៤៨ករណី» និងបាត់បង់ជីវិត ១៦នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៤,២៤៨ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៦នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់ ៣៨០នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន១៩២,០៩៩ករណី ចាប់តាំងពីមានរាតត្បាតជំងឺនេះមក។

ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការកើនឡើងបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលមានចំនួនឆ្លងថ្មីត្រឹមតែ៣,៤៣២ករណី។

សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews