ព័ត៌មានអន្តរជាតិ November 2, 2021

អ៊ូរអរវិញហើយ! បើកប្រទេសថ្ងៃដំបូង ថៃទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៦ពាន់នាក់

Khmerpress

ថ្ងៃដំបូងនៃការបើកដំណើរការឡើងវិញរបស់ប្រទេសថៃសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ បានបង្ហាញថាមានជើងហោះហើរពាណិជ្ជកម្មចំនួន ៦១ ចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ជាមួយនឹងអ្នកដំណើរជាង ៣,០០០នាក់បានមកដល់នៅថ្ងៃច័ន្ទ ម្សិលមិញនេះ បូកនឹង ៣,៦១៣នាក់ នៅអាកាសយានដ្ឋានអន្តរជាតិផ្សេងទៀត។

លោក Kittipong Kittikachorn អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានសុវណ្ណភូមិបាននិយាយថា ជើងហោះហើរភាគច្រើនមកពីអឺរ៉ុប។ ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ចំនួន ៣,០០០ នាក់​ដែល​បាន​មក​ដល់​កាល​ពី​ថ្ងៃ​ចន្ទ មាន​ប្រហែល ២,៣០០ នាក់​ជា​ភ្ញៀវ​ទេសចរ​បរទេស ខណៈ​អ្នក​ផ្សេង​ទៀត​ជាប្រជាជនថៃ​ត្រឡប់​មក​ប្រទេស​ថៃវិញ។

យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដឹកជញ្ជូន ជើងហោះហើរអន្តរជាតិប្រហែល ៣,២៦០ នឹងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិក្នុងខែនេះ ដោយផ្ទុកអ្នកដំណើរចំនួន ១៣៥,៤០៧នាក់ ខណៈដែលជើងហោះហើរអន្តរជាតិចំនួន ៣,២៤១ នឹងចេញដំណើរទៅបរទេសជាមួយអ្នកដំណើរចំនួន ១៣៥,១២២ នាក់។

គួរបញ្ជាក់ផងដែរថា បើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana គិតត្រឹមថ្ងៃសុក្រនេះ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៧ នឹងធ្វើការហោះហើរទៅ និងមកពីអាកាសយានដ្ឋានសុវណ្ណភូមិ ភូកេត សាមុយ និងឈៀងម៉ៃ ជាមួយនឹងអ្នកដំណើរចំនួន ១៥,២៣០ នាក់មកពី ២៦ ប្រទេស៕ ដោយ៖ ខ្មែរណូត