ព័ត៌មានអន្តរជាតិ November 15, 2021

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗជិត «៨,២០០ករណី» និងស្លាប់៦៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៨,១៧៦ ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន១៣ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន៩៨៥ករណី។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៦៤នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,០២៦,៥២២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៦៣,៣១១នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៣,០៨២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews