ខ្លាព្រិលទឹកកកចំនួន ៣ក្បាលនៅសួនសត្វអាមេរិកបានស្លាប់ដោយសាជំងឺកូវីដ ១៩
អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា មានសត្វខ្លាដំបងព្រិលទឹកកកដែលជាប្រភេទសត្វកម្របំផុតនៅលើពិភពលោកចំនួន ៣ក្បាលបានស្លាប់ព្រោះតែជំងឺកូវីដ ១៩។ សត្វខ្លាដំបងចំនួន ៣ក្បាលនេះមានឈ្មោះថា Ranney, Everest, និង Malaku រស់នៅក្នុងសួនសត្វ Lincoln Children’s Zoo ក្នុងរដ្ឋ Nebraska សហរដ្ឋអាមេរិក។
ប្រភពខាងលើបានបញ្ជាក់ថាសត្វខ្លាទាំង ៣ ក្បាលនេះបានឆ្លងជំងឺកូវីដ ១៩ នៅក្នុងថ្ងៃទី១៣ ខែតុលា និងបានស្លាប់កាលពីថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ ក្រោយគេបានព្យាយាមជួយសង្គ្រោះជីវិតពួកវាអស់ពីលទ្ធភាពរួចហើយ។ ក្រោយកើតមានហេតុការណ៍ខាងលើនេះអាជ្ញាធរសត្វព្រៃអាមេរិកបានណែនាំឲ្យអ្នកគ្រប់គ្រងសួនសត្វត្រូវរក្សាគម្លាតរវាងសត្វនិងអ្នកទស្សនាឲ្យបានឆ្ងាយជាងធម្មតា ព្រោះសត្វទាំងនេះទំនងជាបានឆ្លងជំងឺកូវីដ ១៩ ពីក្រុមអ្នកទស្សនា៕ ដោយ៖ ខ្មែរណូត



