ព័ត៌មានអន្តរជាតិ November 15, 2021

ឥណ្ឌាបើកទ្វារស្វាគមន៍ ភ្ញៀវទេសចរបរទេស ដែលចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ តាមជើងហោះហើរទូទៅ

Khmerpress

(ញូដេលី)៖ ឥណ្ឌានៅថ្ងៃចន្ទនេះ បានចាប់ផ្តើមបើកទ្វារប្រទេសវិញហើយ ដើម្បីទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឲ្យចូលមកតាមរយៈជើងហោះហើរទូទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

វាគឺជាលើកដំបូងហើយ ដែលឥណ្ឌាបានអនុញ្ញាតឲ្យ ទេសចរបរទេសចូលមកក្នុងប្រទេសខ្លួន តាមជើងហោះហើរពាណិជ្ជកម្មទូទៅ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ នៅពេលដែលប្រទេសអាស៉ីខាងត្បូងមួយនេះ បានអនុវត្តវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងបំផុតមួយ ដើម្បីព្យាយាមគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID-19។ កាលពីខែមុន ឥណ្ឌាបានចាប់ផ្តើមបើកទទួល ភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួច តាមជើងហោះហើរពិសេស។

យោងតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាលឥណ្ឌា ទេសចរបរទេស ដែលចូលមកប្រទេសឥណ្ឌា ត្រូវតែចាក់វ៉ាក់សាំងបង្ការ COVID-19 បានពេញលេញ (២ដូស) ហើយអនុវត្តឲ្យជាប់តាមវិធានការបង្ការនានា ព្រមទាំងត្រូវតេស្តអវិជ្ជមានចំពោះជំងឺនេះ ក្នុងរយៈពេល៧២ម៉ោង មុនជើងហោះហើរ។

ពួកគេក៏នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត នៅព្រលានយន្តហោះ ពេលមកដល់ប្រទេសឥណ្ឌាផងដែរ លើកលែងតែ អ្នកមកពីប្រទេស ដែលមានកិច្ចព្រមព្រៀង នៃការទទួលស្គាល់លិខិតចាក់វ៉ាក់សាំងជាមួយឥណ្ឌា ដូចជាសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត ដោយអ្នកទាំងនោះ អាចចាកចេញពីព្រលានយន្តហោះ ដោយពុំចាំបាច់ធ្វើតេស្តបាន។

គួរបញ្ជាក់ថា ការបន្ធូរបន្ថយថ្មីចុងក្រោយនេះ កើតមានឡើង ស្របពេលដែលករណីឆ្លង COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសឥណ្ឌា គឺស្ថិតនៅត្រឹមខ្ទង់ក្បែរៗ ១០,០០០នាក់ រយៈពេល១ខែមកហើយ។ រីឯចំនួនអ្នកជំងឺដែលកំពុងទទួលការព្យាបាល បានថយមកនៅត្រឹមជិត ១៣៥,០០០នាក់ប៉ុណ្ណោះ។ ជាមួយគ្នានេះ ជិត៧៩ភាគរយនៃប្រជាជនពេញវ័យរបស់ឥណ្ឌា គឺទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោច១ដូស ខណៈ៣៨ភាគរយ ចាក់បានពេញលេញ៕ ផ្តល់សិទ្ធិដោយ៖ freshnews