អាហ្វ្រិកខាងត្បូងរកឃើញមេរោគកូវីដ ១៩ ទម្រង់ថ្មីមួយប្រភេទទៀតដែលអាចចម្លងបានលឿនជាងមេរោគ Delta ទៅទៀត
អាហ្រិ្វកខាងត្បូង៖ យោងតាមការចុះផ្សាយរបស់កាសែត South China Moring Post បានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូងបានរកឃើញមេរោគនៃជំងឺកូវីដ ១៩ ទម្រង់ថ្មីមួយប្រភេទទៀត ដែលអាចចម្លងបានលឿនជាងមេរោគបំប្លែងខ្លួនប្រភេទ Delta ទៅទៀត។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តអាហ្រ្វិកខាងត្បូងបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ម្សិលមិញថា មេរោគថ្មីនេះមានលេងសម្គាល់ B.1.1.529 អាចធ្វើការផ្លាស់ប្តូរខ្លួនបានយ៉ាងតិចចំនួន ១០ ខណៈមេរោគបំប្លែងខ្លួន Delta អាចធ្វើបាន ២ដង និងមេរោគបំប្លែងខ្លួនប្រភេទ Beta អាចធ្វើបាន ៣ដង។
ប្រភពខាងលើបានបន្តថា នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកានេះ ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកនឹងបើកកិច្ចប្រជុំមួយដើម្បីដាក់ឈ្មោះឲ្យមេរោគថ្មីនេះនិងស្វែងរកវិធានការល្អៗដើម្បីឆ្លើយតបជុំវិញករណីនេះផងដែរ។ ភ្លាមៗក្រោយការរកឃើញមេរោគថ្មីនេះ ប្រទេសអង់គ្លេសបានសម្រេចបិទជើងហោះហើរចំពោះពលរដ្ឋមកពីប្រទេសចំនួន ៦រួមមាន អាហ្រ្វិកខាងត្បូង ណាមីប៊ី ឡេសូតូ អ៊ីស្វាទីនី ហ្ស៊ីមបាវ៉េ និងបូតស្វាណា ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ថា គិតត្រឹមពេលនេះមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនេះត្រូវបានគេរកឃើញក្នុងខ្លួនអ្នកដំណើរនៅក្នុងទីក្រុងហុងកុងនិងអ្នកដំណើរនៅក្នុងប្រទេសបូតស្វាណារួចទៅហើយ៕ ដោយ៖ ខ្មែរណូត

