ប្រទេសហ្វីលីពីនសម្រេចចិត្តបិទជើងហោះហើរអន្តរជាតិរបស់ខ្លួន បន្ទាប់ពីពិភពលោកកំពុងព្រួយបារម្ភលើវ៉ារ្យ៉ង់ Omicron
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋាភិបាលហ្វីលីពីនបានសម្រេចចិត្តបិទជើងហោះហើរអន្តរជាតិរបស់ខ្លួនឡើងវិញ បន្ទាប់ពីប្រទេសនេះទើបតែគ្រោងនឹងអនុញ្ញាតឱ្យមានភ្ញៀវទេសចរអន្តរជាតិមួយចំនួនចូលមកប៉ុណ្ណោះ។ ការសម្រេចនេះបានកើតឡើងនៅពេលដែលពិភពលោក កំពុងព្រួយបារម្ភលើវ៉ារ្យ៉ង់ Omicron ដែលជាវ៉ារ្យ៉ង់ថ្មី និងកំពុងរីករាលដាលនៅក្នុងទ្វីបអាហ្រ្វិក និងអឺរ៉ុប។
ការផ្លាស់ប្ដូរនេះគឺត្រឹមតែ ២ថ្ងៃ បន្ទាប់ពីខ្លួនបានប្រកាសពីផែនការ ដើម្បីចាប់ផ្តើមទទួលយកអ្នកធ្វើដំណើរបរទេស ដែលបានចាក់វ៉ាក់សាំង ២ដង ពីប្រទេស និងតំបន់ ដែលមានហានិភ័យទាបប្រហែល ៣០ ដោយចាប់ផ្តើមពីថ្ងៃពុធខាងមុខនេះ។ រដ្ឋាភិបាលក៏បានប្រកាសថា ខ្លួនបានអនុម័តលើការហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិក និងអឺរ៉ុបចំនួន ១៤ រួមទាំងអាហ្វ្រិកខាងត្បូង និងបូតស្វាណា ក៏ដូចជាអ៊ីតាលី និងហូឡង់ផងដែរ៕ ដោយ៖ ខ្មែរណូត


