ព័ត៌មានអន្តរជាតិ November 29, 2021

អង្គការ WHO មិនទាន់ច្បាស់ទេថា វីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» អាចឆ្លងកាន់តែលឿន និងកាន់តែកាចសាហាវ ដែរឬអត់

Khmerpress

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តមិនប្រាកដនោះទេថា វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) អាចមានសមត្ថភាពឆ្លងរាលដាល កាន់ឆាប់រហ័សថែមទៀត ធៀបនឹងវីរុសបំប្លែងថ្មីពីមុនៗ ហើយវាអាចបង្កជំងឺដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

អង្គការ WHO បាននិយាយដូច្នេះថា «ទិន្នន័យជាបឋមបង្ហាញថា អត្រាអ្នកត្រូវចូលសម្រាកព្យាបាលជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ ក្នុងប្រទេសអាហ្រ្វិកខាងត្បូង មានការកើនឡើង ប៉ុន្តែនេះគឺដោយសារការកើនឡើងជារួមនៃចំនួនអ្នកឆ្លង មិនមែនដោយសារតែការឆ្លងវីរុសបំប្លែងថ្មី Omicron ជាពិសេសនោះឡើយ»។

យ៉ាងណាមិញ WHO បានបញ្ជាក់ថា ភស្តុតាងជំហានដំបូងឲ្យតំរុយថា ហានិភ័យនៃការឆ្លងជំងឺ COVID-19 ឡើងវិញ គឺខ្ពស់ជាងមុន ដោយសារវីរុសបំប្លែងថ្មីនេះ។ WHO បានបន្ថែមថា ខ្លួនកំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមអ្នកជំនាញ ដើម្បីស្វែងយល់ឲ្យបានច្បាស់ អំពីលទ្ធភាពនៃផលប៉ះពាល់របស់វីរុសបំប្លែងថ្មី Omicron ទៅលើចំណាត់ការបច្ចុប្បន្នប្រឆាំង COVID-19 រួមមានទាំងវ៉ាក់សាំងផងដែរ។

គួរបញ្ជាក់ថា យោងតាមអង្គការ WHO ការធ្វើតេស្ត PCR នៅតែអាចបន្តរកឃើញ ការឆ្លងវីរុសបំប្លែងថ្មីនេះ ដែលត្រូវបានរកឃើញដំបូងបំផុត នៅប្រទេសអាហ្រ្វិកខាងត្បូង កាលពីសប្តាហ៍កន្លងទៅ ហើយការសិក្សាកំពុងតែព្យាយាមកំណត់ថាតើ វាឥទ្ធិពលណាមួយទៅលើ ឧបករណ៍ធ្វើតេស្តរហ័សដែរ ឬអត់៕ ផ្តល់សិទ្ធិដោយ៖ freshnews