រដ្ឋបាលខេត្តក្រចេះ ចេញសេចក្ដីណែនាំបន្ដពង្រឹងការអនុវត្តវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ
(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ បន្ដពង្រឹងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
តាមរយៈសេចក្ដីណែនាំនោះ អភិបាលខេត្តក្រចេះ បានធ្វើការណែនាំដូចខាងក្រោម៖
* ទី១៖ គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត់ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងការហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល។
* ទី២៖ ហាមការជួបជុំប្រមូលផ្តុំគ្នាច្រើន ការពិសារគ្រឿងស្រវឹង និងការចាក់បាសរាំកម្សាន្តតាមផ្ទះ។
* ទី៣៖ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវមានវិធានការដោយម៉ឺងម៉ាត់ចំពោះអ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ត្រូវបន្តការពង្រឹងវិធានការសុខាភិបាល ការអនុវត្តវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅរយៈពេលវែងនៅក្នុងភូមិសាស្ត្រដែលស្ថិតក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន។
ដោយឡែក ចំពោះអ្នកធ្វើដំណើរដែលមានលិខិតបញ្ជាបេសកកម្ម ឬអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លីតិចជាង១សប្តាហ៍ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវសហការជាមួយមន្ត្រីសុខាភិបាលរៀបចំការយក សំណាកទៅវិភាគរហ័សរកមេរោគកូវីដ១៩។ ក្នុងករណីដែលរកឃើញវិជ្ជមាន មេរោគកូវីដ-១៩ មន្ត្រីសុខាភិបាលត្រូវអនុវត្តនីតិវិធីបន្តផ្នែកសុខាភិបាល។ ក្នុងករណីដែលពុំមានវិជ្ជមានជំងឺកូវីដ១៩ អ្នកធ្វើដំណើរនោះត្រូវបានអនុញ្ញាត ឲ្យស្នាក់នៅ និងបំពេញការងារដោយត្រូវជូនដំណឹងអំពីទីកន្លែងស្នាក់នៅដល់អាជ្ញាធរដែនដី ដោយអនុវត្តវិធានការសុខាភិបាល៕ ផ្តល់សិទ្ធិដោយ៖ freshnews