ព័ត៌មានអន្តរជាតិ

អាហ្សង់ទីនរកឃើញករណីវិជ្ជមានកូវីដបំប្លែងថ្មីអូមីក្រុងជាលើកដំបូង ចំពោះអ្នកដំណើរម្នាក់បានធ្វើតេស្ត២ដងអវិជ្ជមាន តែតេស្តលើកទី៣ ឃើញវិជ្ជមាន

BY
Khmerpress
December 7, 2021
អាហ្សង់ទីនរកឃើញករណីវិជ្ជមានកូវីដបំប្លែងថ្មីអូមីក្រុងជាលើកដំបូង ចំពោះអ្នកដំណើរម្នាក់បានធ្វើតេស្ត២ដងអវិជ្ជមាន តែតេស្តលើកទី៣ ឃើញវិជ្ជមាន

អាហ្សង់ទីន៖ ប្រទេសអាហ្សង់ទីនបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃចន្ទ ទី៦ ខែធ្នូ ម្សិលមិញនេះ។ អ្នកជំងឺកូវីដ ១៩ រូបនេះគឺជាពលរដ្ឋអាហ្សង់ទីនមានអាយុ ៣៨ ឆ្នាំ រស់នៅក្នុងខេត្ត San Luis ភាគខាងលិចប្រទេសអាហ្សង់ទីន ហើយរូបគាត់ធ្លាប់មានប្រវត្តិធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាកន្លងទៅនេះ។

ប្រភពខាងលើបានបន្តថា មុនពេលចេញដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូងអ្នកជំងឺរូបនេះបានធ្វើតេស្តរកជំងឺកូវីដ ១៩ ដោយម៉ាស៊ីនធំម្តង (PCR ) ហើយពេលទីដល់ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនភ្លាមគាត់ក៏បានធ្វើតេស្តដោយឧបករណ៍តេស្តរហ័សម្តងទៀត​ តែលទ្ធផលគឺអវិជ្ជមានទាំងអស់។ យ៉ាងណាក្តី ប៉ុន្មានថ្ងៃចុងក្រោយនេះគាត់បានទទួលដំណឹងថា មិត្តភក្តិរួមការងាររបស់គាត់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានឆ្លងជំងឺកូវីដ ១៩ ហើយរូបគាត់ក៏សម្រេចទៅធ្វើតេស្តម្តងទៀត ហើយលទ្ធផលចុងក្រោយនេះបង្ហាញគាត់បានឆ្លងជំងឺកូវីដ ១៩ អូមីក្រុង។ បើតាមអាជ្ញាធរសុខាភិបាលអាហ្សង់ទីនបានសន្និដ្ឋានថា មេរោគអូមីក្រុងអាចបន្តរាតត្បាតក្នុងសហគមន៍ជាច្រើនករណីបន្ថែមទៀត ព្រោះអ្នកជំងឺខាងលើនេះបានពាក់ព័ន្ធជាមួយមនុស្សច្រើនផ្សេងទៀតរួចទៅហើយមុនពេលគាត់ធ្វើតេស្តវិជ្ជមាន៕ ដោយ៖ ខ្មែរណូត

Share This Post: