ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោកបានប្រឆាំងជាដាច់ខាត ចំពោះការប្រើប្លាស្មាពីឈាមរបស់អ្នកជំងឺកូវីដ១៩ដែលបានជាសះស្បើយ ទៅព្យាបាលឱ្យអ្នកជំងឺកូវីដ១៩ដទៃទៀត

BY
Khmerpress
December 7, 2021
អង្គការសុខភាពពិភពលោកបានប្រឆាំងជាដាច់ខាត ចំពោះការប្រើប្លាស្មាពីឈាមរបស់អ្នកជំងឺកូវីដ១៩ដែលបានជាសះស្បើយ ទៅព្យាបាលឱ្យអ្នកជំងឺកូវីដ១៩ដទៃទៀត

អង្គការសុខភាពពិភពលោកនៅថ្ងៃអង្គារនេះ បាននិយាយថា ការព្យាបាលជំងឺ COVID-19 ដោយប្រើប្លាស្មា ដែលយកចេញពីឈាមរបស់អ្នកជំងឺដែលបានជាសះស្បើយ មិនគួរត្រូវបានផ្តល់ឱ្យអ្នកដែលមានជំងឺប្រភេទស្រាល ឬមធ្យមនោះទេ។ ថ្វីបើកន្លងមកគេបានមើលឃើញថា ប្លាស្មា Convalescent បង្ហាញពីលទ្ធផលវិជ្ជមានមួយចំនួន នៅពេលចាក់បញ្ចូលតាមសរសៃឈាមដល់អ្នកដែលមានជំងឺ COVID-19 ប៉ុន្តែឥឡូវនេះ WHO បាននិយាយថា៖«ភស្តុតាងបច្ចុប្បន្នបង្ហាញថា វាមិនបានធ្វើឱ្យអត្រារស់រានមានភាពប្រសើរឡើង ឬកាត់បន្ថយតម្រូវការជំនួយដង្ហើមទេ ហើយវាក៏ចំណាយច្រើន និងចំណាយពេលវេលាក្នុងការរៀបចំ»។

WHO បានចេញអនុសាសន៍ដ៏តឹងរឹងរបស់ខ្លួន ប្រឆាំងនឹងការប្រើប្រាស់ប្លាស្មាឈាមចំពោះមនុស្សដែលមិនមានរោគសញ្ញាជំងឺ COVID-19 ធ្ងន់ធ្ងរ ហើយបាននិយាយថា សូម្បីតែចំពោះអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ និងធ្ងន់ធ្ងរខ្លាំងយ៉ាងណាក៏ដោយ ការព្យាបាលគួរតែត្រូវបានផ្តល់ឱ្យតែជាផ្នែកមួយនៃការសាកល្បងព្យាបាលប៉ុណ្ណោះ។ ជម្រាបដែរថា ប្លាស្មា Convalescent គឺជាផ្នែករាវនៃឈាមពីអ្នកជំងឺ COVID-19 ដែលបានជាសះស្បើយ ដែលមានអង្គបដិប្រាណការពាររួចជាស្រេច ក្រោយពេលដែលពួកគេបានឆ្លងជំងឺ COVID-19 ។

វាគឺជាជម្រើសនៃការព្យាបាលដ៏មានសក្តានុពលមួយ ដែលត្រូវបានគេយកចិត្តទុកដាក់នៅដំណាក់កាលដំបូងនៃជំងឺរាតត្បាត ប៉ុន្តែបានបង្ហាញអត្ថប្រយោជន៍មានកម្រិតក្នុងការសាកល្បងព្យាបាល។ អង្គការសុខភាពពិភពលោកបាននិយាយថា អនុសាសន៍ចុងក្រោយបំផុតរបស់ខ្លួន គឺផ្អែកលើភស្តុតាងពីការសាកល្បងចំនួន ១៦ ដែលពាក់ព័ន្ធនឹងអ្នកជំងឺ ១៦,២៣៦ នាក់ ដែលមានការឆ្លងជំងឺ COVID-19 មិនធ្ងន់ធ្ងរ ធ្ងន់ធ្ងរបង្គួរ និងធ្ងន់ធ្ងរខ្លាំង។ គួរឱ្យដឹងដែរថា ការប្រើប្រាស់ប្លាស្មាក្នុងការព្យាបាលជំងឺ COVID-19 ត្រូវបានប្រទេសជាច្រើនអនុវត្តរូចមកហើយ ខណៈសហរដ្ឋអាមេរិកធ្លាប់បានអនុម័តវាសម្រាប់ការប្រើប្រាស់ជាបន្ទាន់ តាំងតែពីក្នុងខែសីហា ឆ្នាំ២០២០៕ ដោយ៖ ខ្មែរណូត

Share This Post: