ព័ត៌មានអន្តរជាតិ December 7, 2021

ប្រទេសដីកោះម៉ាល់ឌីវប្រកាសរកឃើញ «ករណីវិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី «អូមីក្រុង»

Khmerpress

(ម៉ាល់)៖ ប្រទេសម៉ាល់ឌីវ ដែលជាប្រជុំកោះតូចៗនៅមហាសមុទ្រឥណ្ឌា ទើបតែបានប្រកាសរកឃើញ «ករណីវិជ្ជមានដំបូង» នៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ដែលពិភពលោកទាំងមូលកំពុងតែតាមដាន និងស្វែងយល់ អំពីឥទ្ធិពលពិតប្រាកដរបស់វានៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរសុខាភិបាលម៉ាល់ឌីវ បានប្រកាសឲ្យដឹងនៅថ្ងៃអង្គារនេះទៀតថា ករណីវិជ្ជមាន Omicron ដំបូងគេនេះ ត្រូវបានរកឃើញទៅលើអ្នកទេសចរម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។

បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានដាក់បញ្ចូល Omicron ទៅជាវីរុសដែលស្ថិតក្នុងក្តីព្រួយបារម្ភនោះ រដ្ឋាភិបាលម៉ាល់ឌីវបានសម្រេច ហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ៨ នៅតំបន់អាហ្វ្រិកខាងត្បូង ក្នុងនោះមានដូចជា ប្រទេសអាហ្វ្រិកខាងត្បូង, ណាមីប៊ី, ម៉ូរីទុស, ម៉ូហ្សំប៊ីក, ឡេសូថូ, បុតស្វាណា, អេស្វាទីនី និងហ្ស៊ីមបាវ៉េជាដើម។

គួរបញ្ជាក់ថា ប្រទេសដីកោះម៉ាល់ឌីវ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ បានបើកដំណើរការយ៉ាងឆាប់រហ័ស នូវវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីស្ថានការណ៍ COVID-19 បានធូរស្រាលបន្តិច។ ក៏ប៉ុន្តែការបង្ហាញវត្តមានរបស់ វីរុសបំប្លែងថ្មី Omicron កំពុងធ្វើឲ្យស្ថានការណ៍ទាំងមូល ប្រែជាស្រពិចស្រពិល៕ ផ្តល់សិទ្ធិដោយ៖ freshnews