រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំផ្សារជាបណ្តោះអាសន្នមានជាង២០០តូប ដោយមិនយកថ្លៃឈ្នួល និងរក្សាបរិស្ថានអនាម័យតាមវិធានការសុខាភិបាល
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់ការរៀបចំផ្សារបណ្ដោះអាសន្នមួយកន្លែង លើដីឡូតិ៍របស់លោកឧកញ៉ា ឈួន គឹមសាន ដែលផ្សានេះធ្វើឡើង និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោក វ៉ី សំណាង បានបន្តថា គោលបំណង នៃការបង្កើតផ្សារនេះ គឺដើម្បីរក្សាបានគម្លាតសង្គម អនាម័យ ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋរក្សាបានអនាម័យខ្ពស់ តាមរយៈការត្រួតពិនិត្យច្បាស់លាស់។ លោកអភិបាលខេត្ត បានបញ្ជាក់ថា តូបទាំងអស់មានជាង២០០តូប ហើយលក់ដោយមិនគិតថ្លៃឈ្នួលតូប ដើម្បីសម្រួលដល់ថ្លៃទំនិញជូនប្រជាពលរដ្ឋ។
នៅពេលដែលរដ្ឋបាលខេត្តធ្វើផ្សារនៅទីនោះ លោកអភិបាលខេត្ត មានសុទិដ្ឋិនិយម ការលក់នេះមានទាំងសោភ័ណភាព និងសុវត្ថិភាព រក្សាបានការកាត់បន្ថយចម្លងមេរោគកូវីដ-១៩ បានមួយកម្រិត ពីព្រោះថា បើគ្មានផ្សារនេះគង់តែប្រជាពលរដ្ឋត្រូវការចាំបាច់ ដើរផ្សាដែរ ដូច្នេះ បើគាត់មកផ្សាដែលរដ្ឋបាលខេត្តបង្កើត គឺរក្សាបានអនាម័យខ្ពស់ សុវត្ថិភាពជាចម្បង៕ ផ្តល់សិទ្ធិដោយ៖ freshnews