រំភើប! បទ «Time to Rise» របស់តារារ៉េបវ័យក្មេង វណ្ណដា និងលោកតា គង់ ណៃ ជាប់ចំណាត់ថ្នាក់លេខ ១ “Best Videos of 2021”
បើនិយាយពីតារារ៉េបនៅកម្ពុជា ក្នុងឆ្នាំនេះ វណ្ណដា តារាចម្រៀងរ៉េបប្រចាំផលិតកម្ម បារមី ហាក់ល្បីល្បាញខ្លាំង ទទួលបានការគាំទ្រច្រើនពីមហាជន គ្រប់ស្រទាប់យុវវ័យ។ តារារ៉េបវ័យក្មេងរូបនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលតាមរយៈការចេញបទចម្រៀងជាច្រើន មិនត្រឹមតែពិរោះ ប្លែក ក៏មានបញ្ចូលនូវសិល្បៈ កេរដំណែលពីបុរាណ ដែលរឹតតែធ្វើឱ្យមហាជនទាំងជាតិ និង អន្តរជាតិនូវពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់។
យ៉ាងណាមិញ កាលពីថ្ងៃទី០៩ ខែធ្នូ កន្លងទៅនេះ បទចម្រៀង «Time to Rise» ដែលបកស្រាយដោយតារារ៉េបវ័យក្មេង វណ្ណដា និង ព្រឹទ្ធាចារ្យលោកតា គង់ ណៃ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ “Best Videos of 2021” ដែលជ្រើសរើសដោយ LiFTED Asia។

ចំណាត់ថ្នាក់ថ្មីនេះ ទទួលបានបន្ទាប់ពី បទចម្រៀងមួយនេះ បានបំបែកឯតទគ្គតកម្មដំបូងរបស់ស្រុកខ្មែរ ដែលមានអ្នកចូលទស្សនាត្រឹមរយៈពេល ២៤ ម៉ោង ដល់ទៅ ១ លានដងឯណោះ។ ជាមួយគ្នានេះដែរ បើតាម LiFTED Asia MV នៃបទ «Time to Rise» ដែលរួមបញ្ជូលគ្នារវាងតន្ត្រីសម័យ និង បុរាណ រួមទាំងចាប៉ីដងវែងទៀតនោះ មានអ្នកទស្សនាដល់ទៅ ៨០ លានដងហើយ៕




