កូរ៉េខាងជើងប្រារព្ធពិធីកាន់ទុក្ខលោកគីម ជុងអ៊ីល ចំនួន១១ថ្ងៃហើយក្នុងរយៈពេលនេះពលរដ្ឋទូទាំងប្រទេសត្រូវបានហាមឃាត់មិនឲ្យសូម្បីតែសើច
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានប្រារព្ធពិធីកាន់ទុក្ខទូទាំងប្រទេសរយៈពេល ១១ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៧ ខែធ្នូនេះតទៅសម្រាប់ខួបលើកទី ១០ នៃការស្លាប់របស់លោក គីម ជុងអ៊ីល អតីតមេដឹងនាំកូរ៉េខាងជើងដែលត្រូវជាឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន មេដឹកនាំក្នុងពេលបច្ចុប្បន្ននេះ។ លោក គីម ជុងអ៊ីល បានឡើងកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើងនៅឆ្នាំ ១៩៩៤ តាមរយៈការស្នងតំណែងពីឪពុកដែលជាមិតាស្ថាបនិកជាតិកូរ៉េខាងជើងគឺលោក គីម អ៊ីលស៊ុង ហើយលោកគីម ជុងអ៊ីលបានស្លាប់នៅក្នុងឆ្នាំ ២០១១។ តាមធម្មតាពិធីកាន់ទុក្ខលោក គីម ជុងអ៊ីល ត្រូវបានធ្វើឡើងក្នុងរយៈពេល ១សប្តាហ៍ តែនៅក្នុងឆ្នាំនេះគេបានបន្ថែមរហូតដល់ ១១ថ្ងៃ ព្រោះតែវាជាខួបគម្រប់ ១០ ឆ្នាំនៃការស្លាប់។
បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន RFA បានបញ្ជាក់ថា នៅក្នុងរយៈពេលនៃការកាន់ទុក្ខ ១១ ថ្ងៃនេះ ពលរដ្ឋកូរ៉េខាងជើងត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពជាច្រើនដូចជា មិនឲ្យផឹកស្រានិងប្រារព្ធពិធីសប្បាយរីករាយនៅតាមទីសាធារណៈ ហើយចំពោះអ្នកដែលផឹកស្រាស្រវឹងនៅតាមទីសាធារណៈនឹងត្រូវគេចាត់ទុកថា បានប្រព្រឹត្តិបទល្មើសដ៏ធ្ងន់ធ្ងរប្រឆាំងនឹងអាជ្ញាធរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងអស់មិនត្រូវអនុញ្ញាតឲ្យចាក់ផ្សាយកម្មវិធីបែបកំសាន្តឡើយ តែត្រូវចាក់ផ្សាយនូវប្រវត្តិនិងស្នាដៃរបស់លោក គីម ជុងអ៊ីល។ ចំពោះអាជ្ញាធរតាមមូលដ្ឋានវិញត្រូវបានផ្តល់សិទ្ធពិសេសសម្រាប់ឃ្លាំមើលប្រជាពលរដ្ឋ ដោយមិនអនុញ្ញាតឲ្យពលរដ្ឋរៀបចំពិធីខួបកំណើតសម្រាប់ខ្លួនឯងឡើយ ហើយពលរដ្ឋក៏ត្រូវហាមឃាត់មិនឲ្យសូម្បីតែសើច។ ចំពោះករណីមានពលរដ្ឋណាម្នាក់ស្លាប់វិញគឺក្រុមគ្រួសារត្រូវបានហាមឃាត់មិនឲ្យយំឮៗនោះទេ ហើយត្រូវរង់ចាំរហូតដល់ពិធីកាន់ទុក្ខបិទបញ្ចប់ទើបអាចយកសាកសពទៅបញ្ចុះឬបូជាតាមប្រពៃណីបាន។ ដោយឡែកសម្រាប់ហាងលក់គ្រឿងទេសវិញក៏ត្រូវបានហាមឃាត់មិនឲ្យបើកដំណើរផងដែរនៅក្នុងរយៈពេលនៃការកាន់ទុក្ខនេះ។ យ៉ាងណាក្តី អាជ្ញាធរកូរ៉េខាងជើងបានប្រាប់ឲ្យក្រុមហ៊ុនរដ្ឋទាំងអស់ត្រូវត្រៀមអាហារសម្រាប់ផ្តល់ជូនបុគ្គលិកខ្លួន ក្នុងករណីដែលក្រុមបុគ្គលិកទាំងនោះត្រូវមកធ្វើការងារដោយពិបាករកទិញអាហារញ៉ាំដោយខ្លួនឯង៕ ដោយ៖ ខ្មែរណូត


