ព័ត៌មានអន្តរជាតិ December 21, 2021

ថៃរកឃើញអ្នកឆ្លងអូមីក្រុងរហូតដល់ ៦៣នាក់និងកំពុងរង់ចាំលទ្ធផលបញ្ជាក់ ២០នាក់ផ្សេងទៀត

Khmerpress

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន​ National Thailand បានឲ្យដឹងថា​ គិតត្រឹមថ្ងៃចន្ទ ទី២០​ខែធ្នូ ម្សិលមិញនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង​នៅក្នុងប្រទេសថៃបានកើតឡើងរហូតដល់ ៦៣នាក់ ខណៈគេកំពុងរង់ចាំមើលលទ្ធផលតេស្តរបស់ក្រុមមនុស្សដែលមានការសង្ស័យខ្ពស់ចំនួន ២០នាក់ផ្សេងទៀតផងដែរ។ បើតាម លោក Suphakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ចុងក្រោយនេះគេបានរកឃើញករណីឆ្លងកូវីដ ១៩ អូមីក្រុងចំនួន ៥២ករណី ហើយចំនួនដ៏ច្រើនបានធ្វើឲ្យអត្រាអ្នកឆ្លងអូមីក្រុងកើនឡើងយ៉ាងឆាប់រហ័សផងដែរ ពោលគឺកើនឡើងពីតិចជាង ១% មក ៣,២៦% នៃចំនួនអ្នកឆ្លងសរុប។

លោកអគ្គនាយករូបនេះបានបញ្ជាក់ផងដែរថា មេរោគនៃជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងមានសមត្ថភាពអាចចម្លងបានលឿនជាងមេរោគប្រភេទ Delta រហូតដល់ទៅ ៨,៥ដង តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញច្បាស់ថា មេរោគអូមីក្រុងមានសមត្ថភាពកម្រិតណាចំពោះការបង្កឲ្យមានជំងឺធ្ងន់ធ្ងរឬស្លាប់នោះទេ។ ជាមួយគ្នានោះលោកអគ្គនាយក Suphakit Sirilak បានអំពាវនាវឲ្យប្រជាពលរដ្ឋថៃទាំងអស់ប្រញាប់នាំគ្នាទៅចាក់វ៉ាក់សាំងដូសជម្រុញ ព្រោះការចាក់វ៉ាក់សាំងដូសទី ៣ ត្រូវបានក្រុមអ្នកជំនាញអះអាងថា អាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគអូមីក្រុងបាន៕ ដោយ៖ ខ្មែរណូត