សិល្បៈ December 22, 2021

មិនធម្មតា! សត្វគោហាយ៍សូរ រាងសង្ហា ក្នុងបទ “LAMBO TOY” អាចរកចំណូលដល់ទៅរាប់រយដុល្លារ ពីរឿងមួយនេះ

Liny Chan

Trailer MV បទ”LAMBO TOY” របស់កំពូលតារាចម្រៀង Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា ដែលយកសត្វគោមកថតជាមួយតារាសម្ដែងល្បីៗ រថយន្តប្រណីតទំនើបៗ ដូចជា LAMBO, McLaren Rolls-Royce មកដឹកចំបើងឱ្យគោស៊ី ចំណែកគោវិញ ត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ ដោយគង្វាលគោ ជាស្រីស្អាតជាច្រើននាក់ អ្វីដែលកាន់តែប្លែក ជាងនេះទៀតនោះ ក៏មានការរៀបចំដាក់ស្រាក្រហមឱ្យគោផឹក និងក្លែមសុទ្ធតែត្រីសាល់ម៉ុន កំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង។

ទាក់ទងនឹងសត្វគោបាស្អាតៗ ទាំងអស់នេះ លោក គុណ ចន្ទី ដែលម្ចាស់គោបានបង្ហើបឱ្យដឹងថា ក្នុងសត្វគោមួយក្បាលបង្កាត់មេគោឱ្យមេកូន គិតថ្លៃចន្លោះពី ១៥០ ដុល្លារ ទៅ៣០០ ដុល្លារ ពោលអាចនិយាយបានថា ជាន់មេឱ្យមានកូនបានសម្រេចម្ដងៗ អាចស្មើប្រាក់ខែកម្មករធម្មតា ១ខែទៅហើយ។

តាមការបង្ហើបពីម្ចាស់កសិដ្ឋានខាងលើខ្លួនមានគោជាង ២០ក្បាល ក្នុងនោះ គោបាបង្កាត់ពីក្រៅប្រទេសមាន ៤ក្បាល ក្នុងមួយក្បាលអាចលក់បានពី ១ម៉ឺនដុល្លារទៅជាង ៣ម៉ឺនដុល្លារ។

លោក គុណ ចន្ទី ថា បានបន្តឱ្យដឹងថា គោដែលយកមកថតបទ “LAMBO TOY” កន្លងទៅមាន ៤ក្បាល ទី១ ឈ្មោះ “ចៅសួគ៌ឆ្លងដែន”(ពូជឥណ្ឌូប្រេស៊ីល) ទី២.ឈ្មោះ”ស្ដេចតោរោមមាស”(ពូជឥណ្ឌូប្រេស៊ីល)ទី៣.ឈ្មោះ “ឆេកូ” (ពូជខ្មែរ) និង ទី៤. ឈ្មោះ”ដូដូ” (ពូជឥណ្ឌូប្រេស៊ីល)។

ទាំង៤ក្បាលនោះ ស្ដេចតោរោមមាស ដែលជាពូជឥណ្ឌូប្រេស៊ីល យកមកពីប្រទេសថៃ ជីតារបស់វា បានស្លាប់តាំងពី៥ឆ្នាំ តម្លៃខ្លួនជីតាវា មានតម្លៃដល់ទៅជាង ១០ម៉ឺនដុល្លារឯណោះ។ ដោយសារតែគោរបស់លោកមានរាងសង្ហា ទើបល្បីដល់ផលិតកម្ម Galaxy Navatra ជួលយកទៅថតដូចដែលប្រិយមិត្តបានឃើញ ។

លោក គុណ ចន្ទី បាននិយាយលាយនឹងសំណើចថា តាំងតែបានថត MV មក ពួកវាសម្បូរម៉ូយហៅទៅជាន់មេ អត់មានពេលសម្រាកនោះឡើយ។

បទ “LAMBO TOY” អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែប ហាយ៍សូរ (high show) ហាយ៍ក្លាស់ (high class) លំដាប់អភិជន ត្បិតខ្លឹមសារនៃបទចម្រៀង បាននិយាយពីស្នេហាយុវវ័យ ដែលនិយមចូលចិត្តប្រើតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា ចែចង់ស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។

ជាមួយនិងបទចម្រៀងខាងលើ ផលិតកម្ម Galaxy Navatra បានកំណត់ថ្ងៃចេញ Full MV ហើយគឺនៅម៉ោង 7:00ព្រឹកថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២១នេះ។ មហាជនជាច្រើន ជាពិសេសអ្នកលេងបណ្ដាញសង្គម បានដាក់ក្ដីរំពឹងខ្ពស់ថា បទ “LAMBO TOY” នឹងផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីខ្លាំង មិនចាញ់បទ “Are you ok” ឡើយ ខណៈពេលនេះ បទ are you ok បានបំបែកកំណត់ត្រាថ្មី មានអ្នកចូលទស្សនារហូតដល់ទៅជាង 115M នៅលើយូធូប ត្រឹមតែរយៈពេល១ខែ ប៉ុណ្ណោះ៕