ព័ត៌មានជាតិ April 29, 2021

រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ នៅមន្ទីរពេទ្យខេត្តសៀមរាប, អាជ្ញាធរសម្រេចបិទអគារខ្លះបណ្ដោះអាសន្ន ដើម្បីពិនិត្យអ្នកពាក់ព័ន្ធ

Khmerpress

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញជំងឺកូវីដ១៩ម្នាក់ទៀត ដែលជាអ្នកខេត្តកំពង់ធំ ទៅចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា អ្នកវិជ្ជមានជំងឺកូវីដ១៩រូបនេះ អាយុ ៤៧ឆ្នាំ មានជំងឺខូចតម្រងនោម មានអាសយដ្ឋាននៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ គាត់មកទទួលសេវាលាងឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័ស ហើយរកឃើញវិជ្ជមានតែម្ដង។ លោកប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងទៀតថា អ្នកជំងឺរូបនេះ បានចូលសម្រាកនៅមន្ទីរពេទ្យខេត្ត តាំងពីយប់ថ្ងៃទី២៦ ខែមេសា។ លុះថ្ងៃទី២៧ ទើបធ្វើការលាងឈាម ប៉ុន្ដែពេលនោះដោយមានការសង្ស័យ ទើបនៅថ្ងៃទី២៨ ខែមេសា ក្រុមគ្រូពេទ្យធ្វើតេស្ដរហ័សតែម្ដង។

លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា ក្រោយឃើញលទ្ធផលវិជ្ជមានបែបនេះ មន្ដ្រីសុខាភិបាលបានធ្វើតេស្ដភ្លាមៗបន្ដទៀត ទៅលើអ្នកពាក់ព័ន្ធជាង២០០នាក់ នៅក្នុងមន្ទីរពេទ្យ ហើយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់។

ជាមួយគ្នានេះ មន្ដ្រីជំនាញក៏បានស្រាវជ្រាវ និងបិទទីតាំងផ្សេងមួយចំនួនទៀត ដែលក្រុមគ្រួសាររបស់អ្នកវិជ្ជមានជំងឺកូវីដ១៩នេះបានទៅដល់ នៅក្នុងមូលដ្ឋានខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ១៩ សរុប ២១នាក់ហើយ ក្នុងនោះ ១២នាក់ បានព្យាបាលជាសះស្បើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews