វៀតណាមបានរាយការណ៍ពីករណីជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន ១៤ ករណីបន្ថែមទៀត
អាជ្ញាធរសុខាភិបាលវៀតណាមកាលពីថ្ងៃសុក្រ បានបញ្ជាក់ពីករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន ១៤ ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងវ៉ារ្យ៉ង់នេះកើនដល់ ១៥ នាក់។ អ្នកជំងឺទាំង ១៤ នាក់ សុទ្ធតែជាជនជាតិវៀតណាម ដែលទើបមកដល់ខេត្ត Quang Nam ភាគកណ្តាលនៃប្រទេសវៀតណាម ពីប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ពេលនេះពួកគេកំពុងត្រូវបានដាក់ឱ្យនៅដាច់ពីគេ ស្របតាមពិធីសារដែលកំណត់ដោយអាជ្ញាធរសុខាភិបាល និងស្ថិតក្នុងស្ថានភាពធម្មតា។
រំលឹកដែរថា កាលពីថ្ងៃអង្គារ ប្រទេសវៀតណាមបានរាយការណ៍ពីការឆ្លងដំបូងនៃវ៉ារ្យ៉ង់ អូមីក្រុង ដែលទើបត្រឡប់មកពីចក្រភពអង់គ្លេស ហើយគាត់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ នៅពេលមកដល់រដ្ឋធានីហាណូយរបស់វៀតណាម។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសវៀតណាមបានបញ្ជាក់ពីការឆ្លង COVID-19 សរុបចំនួន ១,៧១៤,៧៤២ ករណី ជាមួយនឹងករណីជាង ១.៧ លានករណី គឺជាវ៉ារ្យ៉ង់ ដែលតា ដែលឆ្លងចាប់តាំងពីចុងខែមេសា ឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាម៕ ដោយ៖ ខ្មែរណូត

