ព័ត៌មានអន្តរជាតិ January 13, 2022

បុរសវៀតណាមម្នាក់លួចលុយជាង១ពាន់លានដុង ពីកុងធនាគារស្រីស្នេហ៍ ហើយផ្ទេរចូលកុងរបស់ប្រពន្ធ មិនទាន់បានចាយផង ត្រូវប៉ូលិសក្របួចជាប់

Khmerpress

បុរសម្នាក់រស់នៅទីក្រុង Da Nang របស់ប្រទេសវៀតណាម ត្រូវបានគេចាប់ឃុំខ្លួន បន្ទាប់ពីគាត់បានលួចលុយប្រហែល ១.១ ពាន់លានដុង (៤៨,៤៥៨ ដុល្លារអាមេរិក) ពីសង្សាររបស់គាត់ ហើយផ្ទេរលុយទាំងនោះទៅឱ្យប្រពន្ធរបស់គាត់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ មន្ដ្រីប៉ូលីសស្រុក Thanh Khe បាននិយាយថា បុរសម្នាក់នោះមានឈ្មោះថា Luu Manh Tuan មានអាយុ ៣២ឆ្នាំ ពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត សម្រាប់ការកាន់កាប់ទ្រព្យសម្បត្តិដោយប្រើបណ្តាញកុំព្យូទ័រ បណ្តាញទូរគមនាគមន៍ ឬឧបករណ៍អេឡិចត្រូនិក។

ប្រភពបាននិយាយថា លោក Tuan បានជួបស្ត្រីម្នាក់តាមអ៉ីនធើណេត ដែលមានឈ្មោះថា Hoa អាយុ ៣១ឆ្នាំ រស់នៅខេត្ត Yen Bai កាលពីខែធ្នូ ឆ្នាំ២០២១។ បន្ទាប់ពីមានទំនាក់ទំនងបានកន្លះខែ ស្ដ្រីឈ្មោះ Hoa បានស្រឡាញ់គ្នាជាមួយលោក Tuan ហើយអ្នកទាំង ២ បានយល់ព្រមជួបគ្នានៅខេត្ត Da Nang ។ ពួកគេក៏បានសម្រាកនៅសណ្ឋាគារមួយ នៅក្នុងស្រុក Thanh Khe ហើយស្របជាមួយគ្នានោះដែរ ស្រ្តីឈ្មោះ Hoa បានបើកគណនីធនាគារអនឡាញមួយ និងបានដាក់លុយក្នុងកុងចំនួន ១.១ ពាន់លានដុង។ ឆ្លៀតពេលនោះលោក Tuan បានចងចាំរាល់ព័ត៌មានរបស់ស្ត្រីរងគ្រោះទាំងអស់ បូករួមទាំងលេខសំងាត់ជាដើម។

លុះដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ លោក Tuan ធ្វើពុតជាខ្ចីទូរស័ព្ទជនរងគ្រោះ ដោយនិយាយថា គាត់ត្រូវការដោនឡូតកម្មវិធីមួយ។ ដោយគ្មានការសង្ស័យអ្វី ស្រ្តីឈ្មោះ Hoa បានប្រគល់ទូរស័ព្ទឱ្យលោក Tuan ហើយចូលសម្រាកបាត់ទៅ។ លោក Tuan ក៏បានលួចលុយក្នុងកុងរបស់ស្ត្រីរងគ្រោះជាសង្សារផ្ញើទៅគណនីប្រពន្ធគាត់ទាំងអស់ ហើយនៅព្រឹកបន្ទាប់ខ្លួនបានកុហកនាងថា ត្រូវការទៅពិនិត្យជំងឺជាបន្ទាន់ និងបានបាត់ដំណឹងតាំងពីពេលនោះមក។ ស្រ្តីឈ្មោះ Hoa ចាប់ផ្ដើមសង្ស័យ ហើយក៏ប្រញាប់ចូលឆែកគណនីធនាគាររបស់ខ្លួន ប៉ុន្តែមិនអាចចូលបាន ដោយសារវាត្រូវបានប្តូរលេខសម្ងាត់រួចទៅហើយ។

ស្រ្តីឈ្មោះ Hoa បានទៅធនាគារនៅថ្ងៃទី០៦ ខែមករា ហើយបុគ្គលិកធនាគារប្រាប់គាត់ថា លុយរបស់គាត់ត្រូវបានផ្ទេរទៅគណនីផ្សេង។ ស្រ្តីឈ្មោះ Hoa បានរាយការណ៍ព័ត៌មានទៅប៉ូលីស ហើយលោក Tuan ក៏ត្រូវបានគេចាប់ខ្លួននៅសណ្ឋាគារមួយ នៅស្រុក Go Vap របស់ទីក្រុងហូជីមិញ ខណៈស្រ្តីជាប្រពន្ធកំពុងត្រូវបានហៅមកសាកសួរដូចគ្នា។ ឥឡូវនេះទឹកប្រាក់ចំនួន ៧៧០ លានដុង ត្រូវបានយកមកវិញ ខណៈការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង៕ ដោយ៖ ខ្មែរណូត