ព័ត៌មានអន្តរជាតិ January 14, 2022

លទ្ធផលតេស្តបឋម៖ AstraZeneca ដូសជំរុញឬដូសទី៣ ជួយបង្កើនបរិមាណអង់ទីករ «កម្រិតខ្ពស់» ប្រឆាំង «អូមីក្រុង»

Khmerpress

(ឡុងដ៍)៖ ក្រុមហ៊ុន AstraZeneca នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ទិន្នន័យបឋមថ្មីក្នុងការធ្វើតេស្តលើវ៉ាក់សាំង COVID-19 របស់ខ្លួន បានបង្ហាញថា ការចាក់ដូសជំរុញ ឬដូសទី ៣ ជួយបង្កើនបរិមាណអង់ទីករកម្រិតខ្ពស់ ដើម្បីប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

ក្រុមហ៊ុនផលិតវ៉ាក់សាំងខាងលើ បានបញ្ជាក់ថា ការកើនឡើងចំនួនអង់ទីករនោះ ត្រូវបានគេមើលឃើញក្នុងចំណោម អ្នកដែលកន្លងមកបានទទួលចាក់វ៉ាក់សាំងគ្រប់ដូស (២ដូស) ដោយប្រើវ៉ាក់សាំង AstraZeneca ផ្ទាល់ ឬមួយក៏វ៉ាក់សាំងប្រភេទ mRNA ដូចជារបស់ក្រុមហ៊ុន Moderna ឬ Pfizer ជាដើម។

ទិន្នន័យខាងលើនេះ គឺជាទិន្នន័យលើកដំបូងដែលក្រុមហ៊ុន AstraZeneca បានបញ្ចេញ ក្រោយពីក្រុមហ៊ុនបានធ្វើតេស្តទៅលើប្រសិទ្ធភាព វ៉ាក់សាំងដូសជំរុញរបស់ខ្លួន។ AstraZeneca បានបន្ថែមថា ក្រុមហ៊ុននឹងបញ្ជូនទិន្នន័យថ្មីនេះ ទៅកាន់អាជ្ញាធរសុខាភិបាលជុំវិញពិភពលោក ដោយសារគ្រប់គ្នាកំពុងត្រូវការជាបន្ទាន់នូវដូសជំរុញ។

គួរបញ្ជាក់ថា ការសិក្សាទ្រង់ទ្រាយធំមួយរបស់ចក្រភពអង់គ្លេស កាលពីខែធ្នូ ចុងឆ្នាំមុន ក៏បានរកឃើញដូចគ្នាដែរថា វ៉ាក់សាំង AstraZeneca ពិតជាជួយបង្កើនអង់ទីករ នៅពេលចាក់ជាដូសជំរុញ ក្រោយការចាក់គ្រប់ «២ដូស» ដោយប្រើវ៉ាក់សាំងនេះផ្ទាល់ ឬមួយក៏វ៉ាក់សាំងរបស់ Pfizer ដែលអភិវឌ្ឍឡើងដោយផ្អែកលើបច្ចេកវិទ្យា mRNA (វ៉ាក់សាំងជំរុញប្រព័ន្ធភាពសុំា)។ ប៉ុន្តែការសិក្សានោះបានសន្មត់ថា ប្រភេទវ៉ាក់សាំង mRNA ផ្តល់ការជំរុញបានខ្លាំងជាងដល់អង់ទីករ នៅពេលចាក់ជា «ដូសជំរុញ»៕ ផ្តល់សិទ្ធិដោយ៖ freshnews