អគ្គិសនីកម្ពុជា ជូនដំណឹងពីជម្រើសក្នុងការបង់ថ្លៃអគ្គិសនី ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គិសនី ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។
អគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ១៩ អគ្គិសនីកម្ពុជា នៅតែដំណើរការបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋជាធម្មតា។
ដើម្បីរក្សាស្ថិរភាព នៃការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្តទៀត និងដើម្បីឱ្យអគ្គិសនីកម្ពុជា អាចមានលទ្ធភាពទូទាត់ បន្តទៅអ្នកផលិតអគ្គិសនីទាំងក្នុងប្រទេស និងពីប្រទេសជិតខាង អគ្គិសនីកម្ពុជា សូមអំពាវនាវដល់អតិថិជនរបស់អគ្គិសនីកម្ពុជា មេត្តាព្យាយាមជួយទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី តាមរយៈកម្មវិធីនៃប្រព័ន្ធទូទាត់ របស់បណ្តាដៃគូ ដែលជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ឬអញ្ជើញទៅទូទាត់ផ្ទាល់ នៅទីតាំងដែលជិតបំផុត តាមដែលលោកអ្នកអាចធ្វើបាន។
អគ្គិសនីកម្ពុជាបន្តថា ដោយឡែកចំពោះទីតាំងធំៗ ដែលធ្វើការទូទាត់តាមរយៈមូលប្បទានប័ត្រ អគ្គិសនីកម្ពុជាបានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលការទូទាត់ថ្លៃ ប្រើប្រាស់ថាមពលអគ្គិសនី របស់អតិថិជននៅក្នុងតំបន់ ដែលត្រូវបានបិទខ្ទប់ដោយអតិថិជនគ្រាន់ តែអាចទំនាក់ទំនងមកអគ្គិសនីកម្ពុជា តាមរយៈលេខទូរស័ព្ទ ដែលមានលើវិក្កយបត្ររៀងរាល់ម៉ោងធ្វើការ។ ក្រៅពីនេះ អតិថិជនទាំងអស់ក៏អាចបង្វែរការទូទាត់ តាមរយៈធនាគារមកកាន់គណនីណាមួយ របស់អគ្គិសនីកម្ពុជាដូចមានបង្ហាញ ជូនក្នុងតារាងភ្ជាប់មកជាមួយ រួចថតចម្លងឯកសារ ដែលបញ្ជាក់ថាបានទូទាត់រួច និងផ្ញើមកកាន់លេខទូរស័ព្ទ 012 685 789 តាមរយៈ WhatsApp ឬ Telegram៕ ផ្តល់សិទ្ធិដោយ៖ Freshnews