ព័ត៌មានអន្តរជាតិ January 14, 2022

WHO ផ្ដល់អនុសាសន៍ឱ្យប្រើថ្នាំរបស់ក្រុមហ៊ុន Eli Lilly និង GSK-Vir សម្រាប់អ្នកជំងឺកូវីដ-១៩

Khmerpress

(ហ្សឺណែវ)៖ គណៈកម្មការមួយនៃអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ថ្នាំចំនួន ២ប្រភេទ ដែលផលិត ឡើងដោយក្រុមហ៊ុន អ៉ីឡាយ លីលលី (Eli Lilly) និងក្រុមហ៊ុន ក្លាហ្សូស្មីតក្លែន (GlaxoSmithKline) ដែលសហការផលិតជាមួយក្រុមហ៊ុន វៀរ បាយអូតិចណូឡូជី (Vir Biotechnology) សម្រាប់អ្នកជំងឺ COVID-19 ដើម្បីបន្ថែមជម្រើសព្យាបាល ខណៈមេរោគបំប្លែងថ្មីអូមីក្រុង (Omicron) ធ្វើឱ្យថ្នាំខ្លះបាត់បង់ប្រសិទ្ធភាព។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

បើតាមគណៈកម្មការខាងលើដដែលថ្នាំ បារ៉ីស៊ីទីនីប (baricitinib) ដែលដាក់លក់នៅលើទីផ្សារក្រោមឈ្មោះ អូលូម្ញៀន (Olumiant) របស់ក្រុមហ៊ុន Eli Lilly គួរតែប្រើ សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 មានរោគសញ្ញាធ្ងន់ រីឯថ្នាំរបស់ក្រុមហ៊ុន GlaxoSmithKline និងក្រុមហ៊ុន Vir Biotechnology គួរតែប្រើសម្រាប់ការព្យាបាល អ្នកជំងឺមានរោគសញ្ញាស្រាល ឬមិនសូវធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់អង្គការ WHO មេរោគបំប្លែងថ្មីអូមីក្រុង ដែលអាចទម្លុះប្រព័ន្ធភាពសុំាបង្កើតឡើងដោយវ៉ាក់សាំងជាច្រើន ត្រូវបានគេរកឃើញវត្តមាន នៅក្នុងប្រទេសចំនួន ១៤៩ហើយ ដោយក្នុងប្រទេសខ្លះ ករណីឆ្លងមេរោគបំប្លែងថ្មីនេះបានគ្របដណ្ដប់លើករណីឆ្លងបំប្លែងថ្មី Delta ដែលនេះបាន និងកំពុងបង្ខំឱ្យ បណ្ដារដ្ឋាភិបាលនានាបង្ខំចិត្តដាក់ចេញថ្មីនូវវិធានការរឹតត្បិត, បង្កើនល្បឿនចាក់វ៉ាក់សាំង ក៏ដូចជាកែសម្រួលការព្យាបាល៕ ផ្តល់សិទ្ធិដោយ៖ freshnews