សហរដ្ឋអាមេរិកប្តេជ្ញាប្រើ «រនាំងដែក» ការពារកូរ៉េខាងត្បូង និងថ្កោលទោសកូរ៉េខាងជើង ចំពោះការបន្តធ្វើតេស្តមីស៉ីល
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken) បានប្រកាសថ្កោលទោសប្រទេសកូរ៉េខាងជើង ចំពោះការធ្វើតេស្តបាញ់មីស៊ីលចំនួន ២គ្រាប់កាលពីថ្ងៃសុក្រ ដោយរំលោភលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយលោកក៏បានប្រកាសពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការការពារសន្តិសុខកូរ៉េខាងត្បូង ដោយប្រើ «រនាំងដែក» ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។
នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ជុង អ៊ុយយ៉ុង (Chung Eui-yong), លោក Antony Blinken បានថ្លែងយ៉ាងដូច្នេះថា «សម្ព័ន្ធភាពទ្វេភាគីរវាងប្រទេសទាំងពីរ គឺជាស្នូលនៃសន្តិភាព សន្តិសុខ និងវិបុលភាពនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងតំបន់ឆ្ងាយពីនេះទៀត»។ ប្រមុខការទូតអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីភាពចាំបាច់នៃការបន្ត កិច្ចសហប្រតិបត្តិការត្រីភាគីរវាង «អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង» ហើយសហរដ្ឋអាមេរិកនឹងនៅតែរក្សាខ្លួនឯងជា «រនាំងដែក» ដើម្បីការពារសន្តិសុខកូរ៉េខាងត្បូងជានិច្ច។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ត្រូវបានដកស្រង់ការចេញផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ នេះថា ការបាញ់តេស្តគ្រាប់មីស៊ីល ២គ្រាប់កាលពីថ្ងៃសុក្រម្សិលមិញ គឺត្រូវបានធ្វើឡើងចេញពីផ្លូវរថភ្លើង ហើយវាក៏ជាការធ្វើតេស្តអាវុធលើកទី ៣ ផងដែរសម្រាប់ឆ្នាំ ២០២២ នេះ។
វាបានកើតមានឡើង នៅក្រោយទីក្រុងព្យុងយ៉ាងព្រមានថា នឹងចាត់វិធានការយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត។ កូរ៉េខាងជើងបានអះអាងថា ការធ្វើតេស្តមីស៊ីលទាំងឡាយរបស់ខ្លួន គឺស្ថិតនៅក្នុងន័យ ហ្វឹកហ្វឺនជំនាញការពារខ្លួនប៉ុណ្ណោះ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានហៅទង្វើបែបនេះថា ជាការបង្កឲ្យមានអស្ថិរភាពខ្លាំងនៅក្នុងតំបន់ ទើបជំរុញឲ្យខ្លួនដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕ ផ្តល់សិទ្ធិដោយ៖ freshnews

