ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្របញ្ជាក់ថា អូមីក្រុង មិនមែនជាវ៉ារ្យ៉ង់ចុងក្រោយដែលយើងត្រូវប្រឈមមុខនោះទេ ថ្ងៃមុខនឹងចេញវ៉ារ្យ៉ង់ថ្មីៗមកបន្ថែមទៀត

BY
Khmerpress
January 17, 2022
អ្នកវិទ្យាសាស្ត្របញ្ជាក់ថា អូមីក្រុង មិនមែនជាវ៉ារ្យ៉ង់ចុងក្រោយដែលយើងត្រូវប្រឈមមុខនោះទេ ថ្ងៃមុខនឹងចេញវ៉ារ្យ៉ង់ថ្មីៗមកបន្ថែមទៀត

អ្នកវិទ្យាសាស្ត្របានព្រមានថា ជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងធ្វើឱ្យមានការព្រួយបារម្ភនៅទូទាំងពិភពលោក មិនមែនជាវ៉ារ្យ៉ង់ចុងក្រោយ ដែលយើងនឹងត្រូវប្រឈមនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ABC news ។ លោក Leonardo Martinez អ្នកឯកទេសជំងឺឆ្លងនៃសាកលវិទ្យាល័យ Boston បាននិយាយថា រាល់ការឆ្លងថ្មីៗផ្តល់ឱកាសឱ្យមេរោគមានការផ្លាស់ប្តូរ ហើយវ៉ារ្យ៉ង់ អូមីក្រុង មានភាពលេចធ្លោជាងប្រភេទមុនៗ ដោយសារវាមានការរីករាលដាល និងចម្លងលឿនជាងមុន ទោះបីជាពិភពលោកមានវ៉ាក់សាំងគ្រប់គ្រាន់ហើយក៏ដោយ។ នោះមានន័យថា អ្នកជំងឺកាន់តែច្រើនធ្វើឱ្យមេរោគអាចវិវត្តន៍បន្ថែមទៀត។ ប៉ុន្តែរូបរាង ឬរបៀបនៃការរាតត្បាតបែបណា គឺអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចនិយាយបាននៅឡើយទេ។

អ្នកវិទ្យាសាស្ដ្រក៏មិនអាចធានាបានថា អ្នកស្នងវេនបន្ទាប់ពី អូមីក្រុង អាចនឹងធ្វើឱ្យមានជំងឺស្រាល ឬថា តើវ៉ាក់សាំងដែលកំពុងមានសព្វថ្ងៃអាចត្រូវជាមួយវាដែរទេ។ ជាក់ស្ដែង អូមីក្រុង ទើបតែផ្ទុះខ្លាំងនៅខែពាក់កណ្ដាលខែវិច្ឆិកាប៉ុណ្ណោះ ប៉ុន្តែវាបានចម្លងពាសពេញពិភពលោកក្នុងរយៈពេលដ៏ខ្លី។ អូមីក្រុង ឆ្លងលឿនជាង ដែលតា ២ដង ខណៈវាឆ្លងលឿនជាង វ៉ារ្យ៉ង់ចាស់ៗ ៤ដង ហើយ អូមីក្រុង ក៏ងាយនឹងធ្វើឱ្យអ្នកដែលធ្លាប់មានជំងឺ COVID-19 អាចឆ្លងមេរោគនេះសារជាថ្មីផងដែរ។

ជំងឺ​ COVID-19 គឺមានផ្លូវជាច្រើនសម្រាប់ការវិវត្តន៍ទៅមុខ ហើយសត្វក៏មានសក្តានុពលផ្ទុកមេរោគសំងំ (incubate) និង បញ្ចេញវ៉ារ្យ៉ង់ថ្មីផងដែរ។ កន្លងមកយើងធ្លាប់បានដឹងថា សត្វក៏អាចឆ្លងជំងឺ COVID-19 បានផងដែរ ខណៈសត្វឆ្កែ និងឆ្មា ឬ សត្វក្តាន់ និងសត្វក្ងាន ដែលចិញ្ចឹមដោយកសិដ្ឋាន គឺស្ថិតក្នុងចំណោមដែលងាយរងគ្រោះបំផុត។ ពោលគឺជំងឺ​ COVID-19 អាចបំប្លែងនៅក្នុងពួកវា ហើយចម្លងត្រឡប់មកមនុស្សវិញ។ យ៉ាងណាក្នុងអំឡុងពេលនេះ អ្នកជំនាញនៅតែទទូចឱ្យមានការចាក់វ៉ាក់សាំងបង្ការ ទាន់វានៅមានប្រសិទ្ធភាពជាមួយនឹងការបំប្លែងបច្ចុប្បន្ន៕ ដោយ៖ ខ្មែរណូត

Share This Post: